Connect with us

ព័ត៌មាន

ពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព

ប្រជាពលរដ្ឋ ក្នុងគ្រួសារក្រីក្រ ងាយរងគ្រោះ សម្ដែងអារម្មណ៍ត្រេកអរ និងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ចំពោះប្រាក់ឧបត្ថម្ភ ទប់វិបត្តិឡើងថ្លៃប្រេងឥនន្ធៈ ដែលរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់ជីវភាពរបស់ពួកគេ។

លោក យ៉ាត សុភា ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់ BTV នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ថា លោកស្ថិតក្នុងគ្រួសារក្រីក្រ ដែលទទួលការជួយគាំពារផ្នែកជីវភាពពីរាជរដ្ឋាភិបាល។ លោកទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងទទួលបានប្រាក់ឧបត្ថម្ភថ្លៃសាំង ទប់ទល់វិបត្តិឡើងថ្លៃប្រេងឥន្ធនៈ ចាប់តាំងពីខែកញ្ញាមក។ លោកប្រាប់ថា ថវិការបស់រដ្ឋដែលផ្ដល់ជូនប្រចាំខែ មានតម្លៃធំយ៉ាងខ្លាំងសម្រាប់គ្រួសាររបស់លោក ពីព្រោះអាចជួយដោះទាល់ផ្នែកជីវភាព រួមផ្សំនឹងការរកទទួលទានដោយការបេះបន្លែ និងរកត្រីលក់យកប្រាក់ចិញ្ចឹមគ្រួសារ។ លោកសង្កត់ធ្ងន់ថា សាច់ប្រាក់ ៦ម៉ឺនរៀល (៦០,០០០រៀល) ឬ ៨ម៉ឺនរៀល (៨០,០០០រៀល) អាចមិនច្រើនសម្រាប់អ្នកមានជីវភាពធូរធា ប៉ុន្ដែសម្រាប់គ្រួសាររបស់លោក ប្រាក់នេះមានតម្លៃណាស់ ជួយឱ្យរួចផុតពីភាពអត់ឃ្លាត។

អ្នកស្រី អ៊ូ ប៉ាក់ វ័យ ៧៩ឆ្នាំ រស់នៅ សង្កាត់ព្រែកកំពឹស មួយរូបទៀត ប្រាប់ថា អ្នកស្រីទទួលប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាល ប្រចាំខែសម្រាប់គ្រួសារក្រីក្រ និងថវិកាសម្រាប់ជនចាស់ជរា ក្នុងគ្រួសារក្រីក្រ ទទួលបាន ៩ម៉ឺនរៀល (៩០,០០០រៀល)។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៦មក អ្នកស្រីទទួលបានប្រាក់បន្ថែមចំនួន ៨ម៉ឺន ៥ពាន់រៀល (៨៥,០០០រៀល) ទៀត សម្រាប់ថ្លៃសាំង។ ហើយប្រាក់ថ្លៃសាំងនេះ អ្នកស្រីបានបើកសម្រាប់ខែតុលានេះ ដែលជាលើកទី២ រួចហើយ។ អ្នកស្រីប្រាប់ ថា ប្រាក់ឧបត្ថម្ភរបស់រដ្ឋ បានជួយសម្រាប់ស្បៀងអាហារ ការរស់នៅ និងបានជួយឱ្យអ្នកស្រី ធ្វើបុណ្យគោរពប្រណិបត្តិប្រពៃណីសាសនាបានដូចពលរដ្ឋផ្សេងៗទៀតផងដែរ។ សម្រាប់អ្នកស្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាទេវតា ដែលជួយពលរដ្ឋគ្រប់គ្នា មិនទុកអ្នកណាម្នាក់ចោល ពិសេសគឺគ្រួសារក្រីក្រលំបាក។

អ្នកស្រី អ៊ុន រីយ៉ា អរគុណប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែនៅក្បែរជួយដោះទុក្ខលំបាករបស់ពលរដ្ឋ ពិសេសគ្រួសារក្រីក្រ មិនទុកឱ្យខ្វះខាត ដាច់បាយ។ អ្នកស្រីជឿជាក់ ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើន ហើយជីវភាពរបស់អ្នកស្រី នឹងល្អប្រសើរដើរផុតពីភាពក្រីក្រ ពីព្រោះ បើទោះបីបច្ចុប្បន្ន អ្នកស្រីទទួលប្រាក់គាំពារពីរដ្ឋាភិបាល ប៉ុន្ដែអ្នកស្រី និងគ្រួសារទាំងមូល ក៏ខិតខំធ្វើការងាររកចំណូលប្រចាំថ្ងៃដូចគ្នាដែរ ដោយមិនពឹងផ្អែកទាំងស្រុងទៅរដ្ឋនោះឡើយ។

សូមជម្រាបជូន ថា រាជរដ្ឋាភិបាល បានប្រកាសឱ្យអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ រយៈពេល ៤ខែ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទប់ទល់សម្ពាធវិបត្តិឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដោយចាប់អនុវត្តពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៦។

សម្រាប់គ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ នៅភ្នំពេញ ក្នុងមួយគ្រួសារ ទទួលបាន សាច់ប្រាក់ ៦ម៉ឺនរៀល (៦០,០០០រៀល) និងសមាជិកក្នុងម្នាក់ៗ ទទួលបាន ៥ពាន់រៀល (៥,០០០រៀល) បន្ថែម។ ចំណែកគ្រួសារ នៅទីប្រជុំជន ក្រៅរាជធានីភ្នំពេញ មួយ គ្រួសារ ទទួលសាច់ប្រាក់ ៤ម៉ឺន ៨ពាន់រៀល (៤៨,០០០រៀល) សមាជិកគ្រួសារម្នាក់ៗ ទទួលបានសាច់ប្រាក់បន្ថែម ៥ពាន់រៀល (៥,០០០រៀល) ទៀត និងគ្រួសារ នៅទីជនបទ មួយគ្រួសារ ទទួលបានជាង ៤ម៉ឺនរៀល (៤០,០០០រៀល) និងសមាជិក ម្នាក់ៗទទួលបាន ៥ពាន់រៀល (៥,០០០រៀល) បន្ថែមទៀត។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ អនុវត្ត រយៈពេល ៤ខែ ចាប់ផ្ដើមបើកសាច់ប្រាក់ លើកទី១ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លើកទី២ ចាប់ផ្ដើមបើកជូនពីថ្ងៃទី១៦ ខែតុលានេះ ខណៈ ២លើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១៦ នៃ ខែនីមួយៗដូចគ្នា។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ សាម៉ីខ្លួន ត្រូវភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ ដែលមានសុពលភាព នៅបញ្ជោវីងទូទាំងប្រទេស។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នាពេលកន្លងមក ថា កម្មវិធីជំនួយសង្គមនេះធ្វើឡើង ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ និងនិងគោលការណ៍សមធម៌សង្គម ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia