Connect with us

ព័ត៌មាន

អ្នកផលិត ទទួលបានឱកាសពង្រីកការនាំចេញផលិតផល ពីការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម កម្ពុជា វៀតណាម

នៅថ្ងៃទី១៦ ខែតុលានេះ​គឺជាថ្ងៃទី៣ នៃការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល កម្ពុជា វៀតណាម ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ។ ម្ចាស់សិប្បកម្មមួយចំនួន បានបង្ហាញការពេញចិត្តខ្លាំង​ ដោយគេទទួលបានដៃគូថ្មីៗ នាំចេញផលិតផលពីកម្ពុជាទៅចែកចាយលក់នៅវៀតណាម ។

តំណាង និងម្ចាស់សិប្បកម្ម នៅកម្ពុជា និងវៀតណាម បានថ្លែងថា នៅក្នុងដំណើរការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលកម្ពុជា វៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមានអតិថិជន និងម្ចាស់ក្រុមហ៊ុន នៅកម្ពុជា និងវៀតណាមច្រើនហូរហែរ បានចូលសាកសួរព័ត៌មាន និងមានការពិភាក្សាគ្នា លើកិច្ចការភ្ជាប់ដៃគូពាណិជ្ជកម្ម និងការទទួលផលិតផលពីកម្ពុជា នាំចេញទៅចែកចាយលក់នៅវៀតណាម និងនាំពីវៀតណាម មកចែកចាយលក់នៅកម្ពុជា ហើយតាមរយៈពិព័រណ៍នេះ បណ្តាម្ចាស់សិប្បកម្ម ជាពិសេសម្ចាស់សិប្បកម្មកម្ពុជា រំពឹងថា ផលិតផលរបស់គេនឹងបាននាំចេញទៅលក់នៅវៀតណាម បន្ថែមលើការនាំចេញទៅប្រទេសជប៉ុន កូរ៉េ ចិន និងសឹង្ហបូរីជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ២០២៦» (VIDEX CAMBODIA 2026) រយៈពេល៤ថ្ងៃនេះ សិប្បកម្ម សហគ្រាស កម្ពុជា វៀតណាមប្រមាណ ១៦០ បានរួមគ្នា​នាំយកផលិតផល និងសេវាកម្ម យកមកដាក់តាំងបង្ហាញប្រមាណជាង ២៣០ស្តង់ ក្រោមកិច្ចសហការសម្របសម្រួលរៀបចំដោយក្រសួងការពារជាតិកម្ពុជា ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បំណងផ្តល់ឱកាសដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនង បង្ហាញផលិតផល និងស្វែងរកឱកាសភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ធនាគារ និងបច្ចេកវិទ្យា។

តាមប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម បានដាក់គោលដៅពង្រឹកកិច្ចសហប្រតិបត្តិការ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម កម្ពុជា វៀតណាម ឲ្យកើនដល់២០ពាន់លានដុល្លាសហរដ្ឋអាមេរិច ខណៈតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជិត ៦,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧% ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជិត ៣,២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៨% និងការនាំចូល ពីវៀតណាម មានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារអាមេរិក កើនជាង ៩% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia