Connect with us

ព័ត៌មាន

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ចុះពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និង​វ៉ែនតា​ដោយ​ឥត​គិតថ្លៃ ជូនពលរដ្ឋសង្កាត់ក្រាំងធ្នង់

ក្រុមគ្រូពេទ្យឯកទេសភ្នែក មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ នៃមនី្ទរសុខាភិបាល នៃ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ គាំទ្រដោយអង្គការ The Fred Hollows Foundation បានបើកកម្ម​វិធី​ពិនិត្យ​សុខភាព​ភ្នែក ​ផ្តល់ថ្នាំបន្តក់ភ្នែក និងវ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុទ្ធនាការសប្បុរសធម៌ដ៏ធំនេះ លោកស្រី សំ ម៉ាឡៃ ប្រធានមណ្ឌលសុខភាពក្រាំងធ្នង់ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា ថ្ងៃ​នេះ​ក្រុម​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ក្រាំង​ធ្នង់ បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសភ្នែក មកពីមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ នៃ​មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រដោយអង្គការ The Fred Hollows Foundation ដើម្បីរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក ដោយគ្រូពេទ្យឯកទេសភ្នែក និងពិនិត្យ ផ្តល់​ថ្នាំ​បន្ត​ក់​ភ្នែក ចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ។ សម្រាប់អ្នកមានបញ្ហាភ្នែកឡើងបាយ ដុះកន្ទុយថ្លែន ឬហេតុ​ផល​ណាមួ​យ​ដែល​តម្រូវ​ឱ្យ​ធ្វើការវះកាត់ មណ្ឌលសុខភាព រៀបចំលិខិតបញ្ជូន និងសម្របសម្រួល​ការ​ណាត់​ជួប​គ្រូពេ​ទ្យ​ផ្នែក​ចក្ខុរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីពិនិត្យ និងទទួលការ​វះកាត់​ជូន​ដោយ​ឥត​គិតថ្លៃ។ ជាពិសេសមណ្ឌលសុខភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាថែទាំសុខភាពបឋម (Primary Health Care) យ៉ាងសម្បូរបែប និងនៅជិតស្និទ្ធបំផុតជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នាឱកាសនោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ដែលបានមកទទួលសេវាពិនិត្យភ្នែក បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាដោយក្តីរំភើប និងសប្បាយរីករាយជាខ្លាំង។ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពក្រាំងធ្នង់ និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ចុះមកផ្តល់សេវាថែទាំសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងវ៉ែនតា ដោយឥតគិតថ្លៃដល់មូលដ្ឋាន។

សូមរំលេចឡើងវិញថា៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និងយុទ្ធសាស្រ្ត WHO SPECS 2030 នៅកម្ពុជា ដែលជាព្រឹតិ្តការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខភាពភ្នែក បង្កើនការទទួលបានសេវាសុខភាពភ្នែកប្រកបដោយគុណភាព និងគាំទ្រដល់ការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia