ព័ត៌មាន
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរវាងកម្ពុជា និងតួកគី ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានទៅសម្រេចបានតាមគោលដៅ«១ពាន់លានដុល្លារអាមេរិក» នាពេលខាងមុខ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ៤០០ លានដុល្លារអាមេរិក ដោយកើនឡើងជាង១៨%បើធៀបនឹងឆ្នាំ២០២៤។
ការថ្លែងគូសបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធ និងធុរជន វិនិយោគិនឈានមុខនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។
ថ្លែងទៅកាន់អង្គវេទិកា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គន្លងនៃការកើនឡើងនៃទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៥ គឺជាសក្ខីភាពបង្ហាញពីសន្ទុះដ៏រឹងមាំឆ្ពោះទៅរកការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ១ពាន់លានដុល្លារ។ ដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតានេះ សម្តេចបវរធិបតីបានរំលេចនូវយន្តការគន្លឹះសំខាន់ៗដែលត្រូវបន្តជំរុញ រួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី, ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-តួកគី និងការិយាល័យពាណិជ្ជកម្មនៃស្ថានទូតតួកគី ដែលជាស្ពានយ៉ាងសំខាន់សម្រាប់រក្សាកិច្ចសន្ទនាជាប្រចាំ សំដៅលុបបំបាត់រាល់ឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ។
សម្តេចបវធិបតីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គឺបង្កើតនូវក្របខ័ណ្ឌគតិយុត្តចាំបាច់ ប៉ុន្តែសហគមន៍ធុរកិច្ចខ្លួនឯងផ្ទាល់ គឺជាកម្លាំងចលករពិតប្រាកដក្នុងការរុញច្រានការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ សម្តេចបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នជំរុញការវិនិយោគ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ (រួមទាំងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី – DEİK) ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្គូផ្គងដៃគូធុរកិច្ច ចែករំលែកព័ត៌មានទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍគម្រោងវិនិយោគជាក់ស្តែង។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យធុរជន មើលឱ្យហួសពីទំហំតួលេខពាណិជ្ជកម្ម ដោយត្រូវផ្តោតលើការធ្វើពិពិធកម្មផលិតផល ការពង្រឹងបណ្តាញធុរកិច្ច និងការតភ្ជាប់សមត្ថភាពឧស្សាហកម្មដ៏រឹងមាំរបស់តួកគី ជាមួយមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើន និងធនធានកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ធុរជន និងវិនិយោគិនតួកគី ឱ្យចាប់យកកាលានុវត្តភាពលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ រួមមាន៖ វិស័យកម្មន្តសាល, កសិកម្ម និងការកែច្នៃកសិផល, ការដឹកជញ្ជូន និងភស្តុភារកម្ម, ថាមពលកកើតឡើងវិញ, បច្ចេកវិទ្យាឌីជីថល និងទេសចរណ៍ប្រកបដោយចីរភាព ដើម្បីបង្កើតតម្លៃបន្ថែម និងផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ