Connect with us

ព័ត៌មាន

សមាជិកត្រកូលលឹមពីជាង ១០ប្រទេស ជួបជុំគ្នាធ្វើជាម្ចាស់​ផ្ទះ​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​លើក​ទី៨ នៅកម្ពុជា

សមាជិកសមាគមត្រកូលលឹមសរុបចំនួនជាង ៨០០នាក់ មកពីជាង ១០ប្រទេស កាលពីល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៦ បានជួបជុំគ្នាក្នុងពិធីអាហារសាមគ្គី ដើម្បីអបអរសាទរ «ការបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៨ និងមហាសន្និបាតតំណាងសមាជិកសមាគមត្រកូលលឹមពិភពលោកលើកទី៣ អាណត្តិទី១២» នៅរាជធានីភ្នំពេញ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ក្នុងឱកាសនោះ លោក លឹម សៀវហ៊ាង ប្រធានសមាគមត្រកូលលឹមនៅកម្ពុជា បានលើកឡើងថា ការរៀបចំកិច្ចប្រជុំពិភពលោកលើកនេះ គឺជាព្រឹត្តិការណ៍ដ៏ធំធេង និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារត្រកូលលឹមនៅកម្ពុជា។ លោកក៏បានថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា សមាគមសម្ព័ន្ធខ្មែរ-ចិន និងសមាគមអាណិកជនចិនទាំងអស់ ដែលាតែជួយគាំទ្រ និងជ្រោមជ្រែងកន្លងមក។

ចំណែក លោក លឹម គួទ័ន ប្រធានសមាគមត្រកូលលឹមពិភពលោក បានបញ្ជាក់ថា ការជួបជុំគ្នានេះ គឺដើម្បីរឹតចំណងសាមគ្គីភាព និងពិភាក្សាលើការអភិវឌ្ឍនាពេលអនាគត ដោយបងប្អូនត្រកូលលឹមតែងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ស្មោះត្រង់ និងការកសាងមរតកវប្បធម៌រួម។

នៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការលើកទឹកចិត្តដល់សមាគមកម្ពុជា ឱ្យបន្តផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសសហការជាមួយសមាគមនៅប្រទេសដទៃ ដើម្បីជួយសម្របសម្រួលផ្នែកវប្បធម៌ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ឯកឧត្តមជឿជាក់ថា មហាសន្និបាតនេះ នឹងមិនត្រឹមតែជាឱកាស សម្រាប់ការជួបជុំអបអរសាទរសមិទ្ធផល និងការរួមចំណែករបស់សមាជិកនៅក្នុងកិច្ចការសង្គម ប៉ុន្តែជាឱកាសដ៏មានតម្លៃ សម្រាប់ការបន្តពូនជ្រុំចំណងមិត្តភាព ពង្រឹងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia