Connect with us

ព័ត៌មាន

បញ្ចប់ជាស្ថាពរហើយ! ប្រាសាទមេបុណ្យខាងលិច​អាចឈររឹងមាំបានរយៈពេលជាង ១០០​ឆ្នាំ​ទៀត ក្រោយ​ចំណាយ​ពេល​ជួស​ជុល​អស់ ១៤ឆ្នាំ

បច្ចុប្បន្ននេះ ដំណើរការគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ទ្រង់ទ្រាយ​ធំ​ក្រោម​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ស្មើភា​ពគ្នារវាងកម្ពុជា និងបារាំង បានបញ្ចប់ជាស្ថាពរហើយ ក្រោយពី​ចំណាយ​ពេល​ជួស​ជុល​​អស់ ១៤ឆ្នាំ ​ក្នុងទឹកប្រាក់ចំនួន ១២លានដុល្លារ។ តួប្រាង្គចំនួន១៦ ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ប្រវែង​ ១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធ​តួស្ពាន​ហាល​ឆ្ពោះ​បល្ល័ង្គ​ព្រះវិស្ណុ​ផ្ទុំ​នៅ​កណ្ដាល​ប្រាសាទ ​ដែលធ្លា​ប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរ​បង្ហាញ​ខ្លួន​យ៉ាង​រឹង​មាំឡើង​វិញ​ជាថ្មី​ នៅកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយ នៃបារាយណ៍ទឹកថ្លា ដែលជា​អាង​ស្ដុក​ទឹក​យ៉ាង​សំខាន់​មួយនៅសម័យអង្គរ។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ពោរពេញ​ដោយ​ក្តី​ជឿ​ជាក់​ថា ​តាមបច្ចេកទេសជួសជុលប្រាសាទមេបុណ្យខាងលិច ជាទ្រង់ទ្រាយធំ ក្រោ​ម​កិច្ច​សហ​ប្រតិបត្តិការ​រវាងកម្ពុជា-បារាំងពេលនេះ គឺកំពែង និងតួប្រាង្គរបស់ប្រា​សាទ​អាច​នឹង​នៅ​ឈរ​រឹង​មាំ​បង្ហាញ​ភ្នែក​ទេសចរ និងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ គោរពបូជា យ៉ាងហោច​ណាស់​ក៏​៥០ ​ទៅ១​៥០​ឆ្នាំ​ខាងមុខ​ និងលើសនេះ បើមានការថែទាំជាប្រចាំ។

ឯកឧត្តម បញ្ជាក់ទៀតថា រយៈ​ពេល​១៤ឆ្នាំមកនេះ ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​យ៉ាង​លំបាក រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្មដែលបាត់​មក​ដាក់​បំពេញ​នៅ​តាម​កន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេង មក​ដាក់​នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម។ លើស​ពី​នេះ​ទៅ​ទៀត​អាជ្ញាធរជាតិអប្សរា ត្រូវការគ្រប់គ្រងទឹកនៅរដូវវស្សាជាចាំបាច់ ដើម្បីធានា​ឱ្យ​ការដ្ឋាន​ជួស​ជុល​នោះ អាចដំណើរការទៅបានពេញលេញក្នុងមួយឆ្នាំ១២ខែ មិនឱ្យទឹកចូល​មក​រំខាន​បាន​ និងធានាឱ្យបានការស្រោចស្រពស្រែជាង៧០០០ ហិកតា ព្រមទាំងផ្គត់​ផ្គង​ក្នុង​ការ​ផលិត​ទឹក​ស្អាតសម្រាប់ក្រុងសៀមរាប។

ចំណែកឯកឧត្តម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកកិច្ចការអភិរក្ស និង​ជួស​ជុល​ប្រាសាទបុរាណនានា ឱ្យដឹងថា ការជួសជុលប្រាសាទមេបុណ្យខាងលិច រយៈ​ពេល​១៤​ឆ្នាំ​មក​នេះ គឺបានប្រើកម្លាំងកម្មករចំនួនប្រមាណជាង១០០នាក់ បំពេញកិច្ចការទៅ​តាម​ផ្នែក​សំខាន់​ៗ មានដូចជា ផ្នែកចម្លាក់ក្បាច់ ផ្នែកដាប់ថ្ម ផ្នែកកាត់ថ្ម ផ្នែករៀបចំផ្គុំថ្ម ផ្នែកដឹកជញ្ជូនថ្ម ឬ​សម្ភារៈ​ផ្សេងៗ។ចុងក្រោយក្រុមការងារផ្នែករៀបចំសោភ័ណភាពបរិស្ថាន និងរៀបចំ​ផ្លូវ​ដើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនាជាដើម។ ឯកឧត្តមបានបង្ហាញមោទនភាពយ៉ាងខ្លាំង នៅពេលឃើញ​ប្រាសាទ​មេ​បុណ្យខាងលិច ដែលធ្លាប់តែបែកបាក់ បានបង្ហាញរូបរាងដ៏ស្រស់ស្អាតឡើងវិញ នៅ​កណ្ដាល​ផ្ទៃ​ទឹកដ៏ធំល្វឹងល្វើយដូចនេះ។

ប្រាសាទមេបុណ្យខាងលិច កសាងឡើង​នៅ​អំឡុង​ពាក់​កណ្តាល​សតវត្សរ៍​ទី១១​នៃ​គ្រីស្ត​សក​រាជ​ក្នុង​រាជ្យ​ព្រះបា​ទ​ឧទយាទិត្យវរ្ម័នទី២ ទីតាំងស្ថិតនៅលើកោះ ចំកណ្តាលបារាយណ៍ទឹកថ្លា។ បច្ចុប្បន្ន ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ភាពអស្ចារ្យ និងលេច​ធ្លោ​របស់​ប្រាសាទ​មេ​បុណ្យ​ខាងលិច គឺមានរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ នៅចំកណ្ដាលស្រះនៃប្រាសាទ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង និងប្រាង្គចំនួន១៦។ ប្រាសាទមេបុណ្យខាងលិច ធ្លាប់បានជួសជុលម្ដ​ង​មក​ហើយ ​ដោយក្រុមអភិរក្សដ្ឋានបារាំងនៅក្នុងឆ្នាំ១៩៤០ ហើយនៅឆ្នាំ២០១២ បារាំងក៏បា​ន​សហ​ប្រតិ​បត្តិការជាមួយកម្ពុជា លើគម្រោងជួសជុលម្ដងទៀត ជាទ្រង់ទ្រាយធំ និងទើបតែ​បាន​បញ្ច​ប់ជា​ស្ថា​ពរ។ ពិធីសម្ពោធបើកឱ្យចូលទស្សនាជាផ្លូវការ នៅប្រាសាទមេបុណ្យខាងលិច នឹងរៀបចំ​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ខាងមុខ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia