Connect with us

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ៖ សម្តេចធិបតី គឺជា​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​និង​កំពុង​ដឹកនាំ​ជោគ​វាសនា​ប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា

ភ្នំពេញ៖ តាមរយៈសារលិខិតជូនពររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ផ្ញើជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាស​សិរីមង្គល​ដ៏​ឧត្តុង្គ​ឧត្តម​នៃខួបចម្រើនជន្មាយុ របស់សម្តេចមហាបវរធិបតី ដែលនឹងឈាន​ចូល​មក​ដល់​នៅថ្ងៃ​ទី​២០​ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា សម្តេចធិបតី គឺជាប្រមុ​ខ​រាជ​រដ្ឋាភិបាល​ដែល​បាន​និង​កំពុង​ដឹក​នាំជោ​គវាសនា​ប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់​ចត់​ពី​ប្រជា​ជាតិ​កម្ពុជា​។ សម្តេចធិបតី ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សា​កេរមរតក​ចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិនិងប្រជាជនកម្ពុជាច្រើនជំនាន់ តទៅ។ ទន្ទឹមនេះ ក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តី​សុខ​ចម្រើន​នៃ ​ជាតិនិងប្រជាជន សម្តេចធិបតី បានបង្ហាញភាពប៉ិនប្រសប់ក្នុងទំនាក់ទំនងអន្តរជាតិ ភាព​ចាស់​ទុំនយោបាយ និង គតិបណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បី​ភាព​សុខ​ដុម​របស់មនុស្សជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កាលពីពេលថ្មីៗនេះ ប្រទេសក​ម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ត្រចះ​ត្រចង់​ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ អន្តរជាតិស្តីពីការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ដែលការណ៍នេះ បានបង្ហាញពីការទទួល បាននូវការជ្រួតជ្រាប និង​សេចក្តី​ទុក​ចិត្តពីបណ្តាប្រទេសនានាមកលើកម្ពុជា ចំពោះការខិតខំប្រឹងប្រែង និងការ ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចតេជោសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះ​ព្រំនូវ សព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេច​មហា​បវរ​ធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និង​ពរ​ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia