Connect with us

ព័ត៌មាន

អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន គាំទ្រពេញគោលការណ៍កម្ពុជា ក្នុង​ការដោះស្រាយ​ជម្លោះព្រំដែន​ជាមួយថៃ

ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាស៊ែបៃហ្សង់ តួកគីយេ និងកាហ្សាក់ស្ថាន បានបង្ហាញការគាំទ្រពេញ​ទំហឹងចំពោះ​គោលការណ៍​ជាក់លាក់​របស់​កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយប្រកាន់ខ្ជាប់នូវ​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងប្រឆាំងដាច់ខាតការកែប្រែខ្សែ​បន្ទាត់ព្រំដែន​ដោយ​កម្លាំង។

ការលើកឡើងខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ ក្នុង​សន្និសីទ​សារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ បន្ទាប់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃ​កម្ពុជា បញ្ចប់ដំណើរទស្សនកិច្ចរបស់នៅប្រទេសចំនួន៣។

ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន បានឱ្យដឹងថា នៅក្នុងរាល់ជំនួបពិភាក្សាជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬឥស្សរជនជាន់ខ្ពស់បរទេស ទាំងក្នុងប្រទេស និងក្រៅប្រទេស សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែលើកឡើង និងលាតត្រដាងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយគោលដៅធំ គឺដើម្បីឱ្យអន្តរជាតិយល់ច្បាស់ពីជំហរ និងគោលការណ៍របស់កម្ពុជា ហើយជាទូទៅ ដៃគូបរទេសទាំងអស់សុទ្ធតែបានយល់ស្រប និងគាំទ្រជំហរនេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងក្បោះក្បាយអំពីគោលការណ៍ស្នូលទាំងនោះថា៖ «គោលការណ៍ទាំងនោះ គឺអ្វី? ខ្ញុំលើកឡើងវិញ ប្រឆាំងដាច់ខាតនឹងការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំង អាហ្នឹងគេប្រឆាំង ដោយការបង្កើតស្ថានភាព Fait Accompli ដូចគ្នានឹងគេប្រឆាំងហើយគេគាំទ្រគោលការណ៍របស់កម្ពុជា ហើយគោលការណ៍នោះទៀតសោត គឺប្រកាន់ខ្ជាប់ជំហរដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជានិងថៃ បានចុះហត្ថលេខាជាមួយគ្នា ជារួមបណ្ដាប្រទេសដែលលោកលើកឡើងមិញមិញ គាំទ្រពេញទំហឹងគោលការណ៍ជាក់លាក់កម្ពុជា ក្នុងជម្លោះជាមួយថៃ»។

គួរបញ្ជាក់ផងដែរថា ការថ្លែងបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់បេសកកម្មការទូតមួយជុំ ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ព្រមទាំងបន្តដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋតួកគីយេ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia