Connect with us

ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួប​លោក​វ៉ាន សាកូលីន ពលរដ្ឋខ្មែរជិះម៉ូតូឆ្លង​កាត់​ប្រទេស​ជា​ច្រើន​(គោលដៅ​១៥​ប្រទេស) ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ

តាមរយៈ​បណ្ដាញសង្គម​នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារមួយ​ជាមួយនឹងរូបភាព​ដោយបង្ហាញ​ពី​ជំនួប​ដ៏​ចៃ​ដន្យមួយជាមួយ​លោក វ៉ាន សាកូលីន ដែលជាពលរដ្ឋខ្មែរមួយរូប​ជិះម៉ូត​ឆ្លង​កាត់​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​​(គោលដៅ​១៥​ប្រទេស)  ដើម្បី​ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា​។

សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ សម្ដេច​បាន​ជួប​ជា​មួយ​លោក វ៉ាន សាកូលីន (Van Zakolin) នៅ​ទី​ក្រុង​អ៊ី​ស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ប្អូន​ប្រុស​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ពី​កម្ពុ​ជា​ទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី។ ជាការចៃដន្យល្អមួយ ដែល​សម្ដេច ​និង​លោក​ វ៉ាន សាកូលីន បានមកដល់​ទីក្រុងអ៊ីស្តង់ប៊ុល​ក្នុងពេលជាមួយគ្នាតែម្តង។

សម្ដេចធិបតី ថ្លែង​កោតសរសើរវាយតម្លៃខ្ពស់អំពីបេសកកម្មនេះ ពិត​ជា​រួមចំ​ណែក​លើក​កម្ពស់​មុខ​មាត់​កម្ពុជា និងផ្សព្វផ្សាយសក្តានុពល​ទេសចរណ៍​ទៅ​កាន់​ឆាក​អន្តរជាតិ​ ព្រមទាំង​បំផុស​គំនិត​ដល់​យុវជន​កម្ពុជា​ឱ្យមានភាពក្លាហាន តស៊ូ និងបន្ត​លើកក​ម្ពស់​កិត្តិយ​ស​ជាតិ តាមរយៈស្មារតី «ខ្មែរអាចធ្វើបាន»។ សម្ដេចធិបតីសូម​​ជូនពរលោក វ៉ាន សាកូលីន ធ្វើដំណើរបន្តដោយសុវត្ថិភាព និង​សម្រេច​នូវ​គោល​បំណង​របស់​លោក​ដោយជោគជ័យ។

ជាមួយគ្នានេះផងដែរ តាមរយៈ​ផេកហ្វេសប៊ុកឈ្មោះថា Frost ZK MotoVlog ដែលជាផេក​បង្ហាញ​​ពី​សកម្មភាពនេះ​ដំណើរជិះម៉ូតូឆ្លងកាត់ប្រទេសជាច្រើន(គោលដៅ ១៥ប្រទេស) ដើម្បី​ផ្សព្វ​ផ្សាយ​សក្ដានុពលទេសចរណ៍កម្ពុជា​ក៏បាន​លើកឡើងផងដែរនូវជំនួបនេះ ដោយលោក​ វ៉ាន សាកូលីន បានបញ្ជាក់ពីអារម្មណ៍សប្បាយរីករាយ និងមានកិត្តិយស​ដែលបាន​ជួប​សម្ដេចធិបតី នាយករដ្ឋមន្ត្រី នាឯទីក្រុងអ៊ីស្ដង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។ លោកបន្តថា រឿង​នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿដែលលោក​មានឱកាសបានមកជួបសម្ដេចនៅឆ្ងាយកន្លះផែនដីពីផ្ទះ ពី​ប្រទេស​កម្ពុជា​។ លោកសូម​ថ្លែង​អរគុណដល់សម្តេចធិបតី ដែលបានជូនពរដល់រូបលោកបំពេញ​បេសក​កម្មរបស់ខ្លួន​ទទួលបានជោគជ័យ និងធ្វើដំណើរប្រកប​ដោយ​សុខសុវត្ថិភាព​រហូ​ត​ទៅ​ដល់​គោលដៅ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia