Connect with us

ព័ត៌មាន

សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ត្រូវបានសម្ពោធជាផ្លូវការដើម្បីបន្សល់ទុកឯកសារប្រវត្តិសាស្ត្រដល់អ្នកជំនាន់ក្រោយ

ភ្នំពេញ៖ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីចងក្រង និងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រសំខាន់ៗ ស្តីពីដំណើរការកសាងសន្តិភាព ការពង្រឹងឯកភាពជាតិ និងការអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦។ សៀវភៅនេះមានគោលបំណងផ្តល់ចំណេះដឹងដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ ឱ្យយល់កាន់តែច្បាស់ពីដំណើរប្រវត្តិសាស្ត្រ និងតម្លៃនៃសន្តិភាពនៅកម្ពុជា។

ឯកឧត្តម អៀង ពិសី នាយករងខុទ្ធកាល័យសម្តេចប្រធាន ព្រឹទ្ធសភា និងជាអ្នកនិពន្ធ សៀវភៅ “យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា” បានថ្លែងថាលោក និងក្រុមការងារ បានចុះទៅសិក្សាស្រាវជ្រាវផ្ទាល់នៅតាមតំបន់ព្រំដែនកម្ពុជា វៀតណាម ឡាវ ថៃ ព្រមទាំងតំបន់ អតីតសមរភូមិធំៗដែលសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លងកាត់ក្នុងសង្រ្គាម កាលពីអតីតកាល។

ឯកឧត្តម បញ្ជាក់ថា សៀវភៅនេះ បានចងក្រង នូវយុទ្ធសាស្ត្រត្រីកោណ គឺជាគោលនយោបាយជាយុទ្ធសាស្ត្រស្នូលនិងជាកញ្ចប់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី២ នៃរដ្ឋសភា (១៩៩៨-២០០៣) ដែលត្រូវបានដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីជាឆ្អឹងខ្នងក្នុងការកសាងការពារសន្តិភាព ស្តារកិត្តិយសជាតិ លើឆាកអន្តរជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្រោយពីកម្ពុជាទទួលបានការឯកភាពជាតិពេញលេញ ។ យុទ្ធសាស្ត្រត្រីកោណ ត្រូវបានដាក់ចេញនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី ក្នុងគោលបំណងស្រោចស្រង់ប្រទេសកម្ពុជាឱ្យចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាមស៊ីវិលដ៏រ៉ាំរៃ ។

ឯកឧត្តម ថ្លែងទៀតថា  យុទ្ធសាស្ត្រនេះត្រូវបានប្រៀបប្រដូចទៅនឹង “មេគុណ” នៃនយោបាយឈ្នះ ឈ្នះ ដែលមានមុំបីសំខាន់ៗ ប្រទាក់ក្រឡាគ្នាគឺ មុំទី១- ការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជាតាមរយៈការពង្រឹងសន្តិភាពកុំឱ្យប្រទេសកម្ពុជា កើតសង្គ្រាមឡើងវិញ។ មុំទី២- ការធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ ។ មុំទី៣- ការពង្រឹងផ្ទៃក្នុង និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តម បន្តថា ក្នុងសៀវភៅនេះ ក៏បាន រំលេចឡើង អំពីឆ្អឹងខ្នងសន្តិភាពកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងមិនអាចខ្វះបាននៃគោលនយោបាយក្នុង ការទ្រទ្រង់ ថែរក្សា និងពង្រឹងសន្តិភាពដែលកម្ពុជាទើបទទួលបានទាំងស្រុងពីនយោបាយឈ្នះ ឈ្នះ។ ឆ្អឹងខ្នងសន្តិភាព ប្រៀបដូចជាឆ្អឹងខ្នងដែលទ្រទ្រង់សព៌ាង្គកាយមនុស្សមិនឱ្យដួលរលំ ។ យុទ្ធសាស្ត្រ នេះបានបម្រើជាសសរស្ដម្ភក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះប្រដាប់អាវុធសាជាថ្មី ដោយបានចាក់ឫសសន្តិភាពយ៉ាងជ្រៅតាមរយៈការធានាស្ថិរភាពនយោបាយ ការទម្លាយភាពឯកោ ដើម្បីផ្សារភ្ជាប់កម្ពុជាទៅនឹងសហគមន៍អន្តរជាតិ និងការចាប់ផ្តើមចលករសេដ្ឋកិច្ចដើម្បីកាត់បន្ថយ ភាពក្រីក្រ ដែលកត្តាអន្តរកម្មទាំងបីនេះហើយបានអភិវឌ្ឍសន្តិភាពដែលធ្លាប់តែផុយស្រួយ ឱ្យក្លាយជាសន្តិភាពពេញលេញ យូរអង្វែង និងជាស្ពានដ៏រឹងមាំសម្រាប់ការលូតលាស់សង្គមជាតិទាំងមូល។

ឯកឧត្តមបន្ថែមទៀតថា ការសម្រេចចិត្តចងក្រងសៀវភៅ “យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា” នេះឡើង គឺ កើតចេញពីតម្រូវការចាំបាច់ក្នុងការកត់ត្រាទុកនូវរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិដែលបាន ប្រែក្លាយកម្ពុជាពីគំនរបាក់បែកដោយសារសង្គ្រាមឆ្ពោះទៅរកការឯកភាពជាតិ និងការអភិវឌ្ឍ ដែលជាមគ្គុទ្ទេសដ៏ឆ្នើមនៃសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។  វណ្ណកម្មមួយនេះ គឺជាការបំពេញបេសកកម្មក្នុងការបន្សល់ទុកនូវស្នាដៃជា ប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយឱ្យបានយល់ស៊ីជម្រៅពីឫសគល់នៃសន្តិភាពដែលកម្ពុជា ដណ្តើមបានមកវិញដោយលំបាកបំផុត។តាមរយៈការលម្អិតពីមុំទាំងបីនៃយុទ្ធសាស្ត្រ រាប់ចាប់ពី ការថែរក្សាសន្តិភាព ការទម្លាយភាពឯកោលើឆាកអន្តរជាតិ រហូតដល់ការកែទម្រង់រចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិ សៀវភៅនេះនឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជា ។

សៀវភៅភៅ “យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា” ត្រូវបានចាប់ផ្តើមសិក្សា និងសរសេរចងក្រងនៅថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១៩ និងត្រូវបាន បញ្ចប់រួចរាល់សម្រេចបោះពុម្ពជាផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលមានចំនួន១ ១១១ទំព័រ ខ្នាតសៀវភៅ B5 អម ដោយរូបភាពសម្តេចតេជោចំនួន២៤សន្លឹក ចែកជា៤វគ្គ ឧបសម្ព័ន្ធគាំទ្រអត្ថន័យសៀវភៅចំនួន៤៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia