ព័ត៌មាន
កម្ពុជា និងថៃឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សាលើកទី២នៅឡាអេ
ប្រទេសកម្ពុជា និងប្រទេសថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
វិធានការកសាងទំនុកចិត្តដែលភាគីទាំងពីរបានព្រមព្រៀងគ្នានេះ មានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តឱ្យភាគីទាំងសងខាងអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព និងពេញលេញ ដើម្បីជំរុញដំណើរការផ្សះផ្សាទៅមុខ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានទទួលស្គាល់នូវសិទ្ធិរៀងៗខ្លួន ក្នុងការធ្វើសេចក្តីថ្លែងការណ៍ការពារសិទ្ធិស្របច្បាប់ ឬដើម្បីធ្វើការកែតម្រូវចំពោះព័ត៌មានមិនពិត និងការផ្សាយបំប៉ោងនានា។
គណៈកម្មការផ្សះផ្សា ក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃ ធ្លាប់បានឯកភាពគ្នាកាលពីពេលកន្លងទៅ គឺមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ ហេតុដូច្នេះ គណៈកម្មការបានជំរុញឱ្យភាគីទាំងពីរអនុវត្តវិធានការចាស់ៗដែលមានស្រាប់ទាំងនោះឡើងវិញ សំដៅបង្កើតបរិយាកាសអំណោយផល និងគាំទ្រដល់ការចរចាប្រកបដោយភាពស្ថាបនា។
ចំពោះលទ្ធផលនៃកិច្ចពិភាក្សានេះ គណៈប្រតិភូកម្ពុជាបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) សម្រាប់ការខិតខំប្រឹងប្រែងសម្របសម្រួល និងជួយឱ្យភាគីទាំងពីរឈានដល់ចំណុចឯកភាពគ្នានេះ។
គណៈកម្មការផ្សះផ្សានឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលលម្អិតនៃកិច្ចប្រជុំលើកទី២នេះ ក្នុងពេលឆាប់ៗខាងមុខ ខណៈកិច្ចប្រជុំលើកទី៣ រវាងកម្ពុជា និងថៃ ត្រូវបានកំណត់ថានឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣