ព័ត៌មាន
កម្ពុជាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពន្លឿនសកម្មភាពទប់ស្កាត់សារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា»
«កម្មវិធីពន្លឿនសកម្មភាពទប់ស្កាត់សារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា» (Super Pollutant Accelerator Program) ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោកស្រី Catalina Etcheverry អ្នកគ្រប់គ្រងកម្មវិធីនៃសម្ព័ន្ធអាកាសធាតុ និងខ្យល់ស្អាត (CCAC) បានឡើងថ្លែងបទអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើសារសំខាន់ នៃកម្មវិធី ក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ និងការបំពុលអាកាសធាតុ នៅកម្ពុជា ជាពិសេស ក្នុងការទប់ស្កាត់ការកើនឡើងនៃសារធាតុពុលក្នុងខ្យល់ ដើម្បីជួយការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ លោកស្រី Catalina Etcheverry បានវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តដ៏មុតស្រួច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងបរិស្ថាន បានសហការយ៉ាងជិតស្និទ្ធជាមួយ CCAC ក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រខ្យល់ស្អាត (Clean Air Plan) និងវិធានការប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់សាធារណៈ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា កម្មវិធីពន្លឿនការកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់នេះ បានរៀបចំឡើងដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងអាទិភាពជាតិ និងស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨»។ ឯកឧត្តមបានថ្លែងថា កម្ពុជាបានបង្ហាញពីជំហរយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុ ការកែលម្អគុណភាពខ្យល់ និងការកាត់បន្ថយសារធាតុបំពុលខ្យល់ កម្រិតខ្ពស់នៅកម្ពុជាដូចជា ឧស្ម័នមេតាន កាបូនខ្មៅ និងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន HFCs ដើម្បីគាំទ្រធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា កម្មវិធីដែលសម្ពោធនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលកម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសចូលរួមចំណែកសំខាន់ ក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងទទួលបានការគាំទ្រលើឆាកអន្តរជាតិ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការកាត់បន្ថយ ការបំភាយនៃការបំពុលកម្រិតខ្ពស់ និងពង្រឹងមូលដ្ឋានស្ថាប័ន និងបច្ចេកទេសដែលចាំបាច់ ដើម្បីសម្រេចបាននូវមហិច្ឆតាពន្លឿនការកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីពន្លឿនសកម្មភាពទប់ស្កាត់សារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា គឺលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការគាំទ្រពីសហគមន៍អន្តរជាតិ ដែលឈានដល់ការ អនុម័តជាផ្លូវការ នៅក្នុងសន្និសីទកំពូលលើកទី៣០ (COP30)ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុង Belém ប្រទេសប្រេស៊ីល ឆ្នាំ២០២៥។ ប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានការគាំទ្រថវិកាប្រមាណ ៤ លានដុល្លារអាម៉េរិក ពីសម្ព័ន្ធ CCAC សម្រាប់អនុវត្តកម្មវិធីពន្លឿននេះក្នុងរយៈពេល ៣ ឆ្នាំ (២០២៦-២០២៨) ហើយពេលនេះ កម្ពុជានឹងបន្តពង្រឹងការកសាងសមត្ថភាពមន្ត្រីលើកការគ្រប់គ្រង ស្តង់ដារបំភាយឧស្ម័នយានយន្ត ការបំភាយឧស្ម័នក្នុងវិស័យថាមពល កសិកម្ម និងការគ្រប់គ្រងសំណល់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣