Connect with us

ព័ត៌មាន

សម្តេច ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ ដែលពិធីនេះត្រូវ បានរៀបចំឡើងនៅវិទ្យាល័យរមាសហែក ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីនឹកលឹកអំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងក្រុមការងារគ្រូពេទ្យទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីមនុស្សធម៌ដ៏ថ្លៃថ្លានេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ និងស្មារតីលះបង់ខ្ពស់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលបានខិតខំប្រឹងប្រែងចំណាយពេលវេលា ថាមពល និងកម្លាំងប្រាជ្ញា ស្មារតី ក្នុងការចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដោយមិនប្រកាន់និន្នាការ ឬជីវភាពឡើយ។ សកម្មភាពដ៏ប្រពៃនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលនូវ ៤ ចំណុច ៖

ទី១. សូមយកចិត្តទុកដាក់ថែរក្សាសុខភាព រក្សាអនាម័យ បរិភោគអាហារដែលមានសុវត្ថិភាព ប្រើប្រាស់ទឹកស្អាត និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតី សូមទៅពិនិត្យ សុខភាពឱ្យបានឆាប់ មិនគួរទុកឱ្យជំងឺកាន់តែធ្ងន់។ មួយវិញទៀត ដោយសារក្នុងឆ្នាំនេះអាកាសធាតុនឹងក្តៅខ្លាំង យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយម ហេតុនេះសូមឲ្យបងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួអាកាសធាតុមួយនេះ។

ទី២. អាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងស្ថាប័នសុខាភិបាល ដើម្បីសម្របសម្រួលឱ្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រព្រឹត្តទៅបានល្អ មានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។

ទី៣. ចូលរួមលើកកម្ពស់វប្បធម៌ស្ម័គ្រចិត្ត និងការជួយគ្នាក្នុងសង្គម។ ការចែករំលែកពេលវេលា ចំណេះដឹង ជំនាញ និងកម្លាំងកាយចិត្ត ដើម្បីជួយអ្នកដទៃ គឺជាគុណតម្លៃដ៏សំខាន់សម្រាប់ការកសាងសហគមន៍មួយដែលមានសុខភាពល្អ សាមគ្គីភាពនិងមនុស្សធម៌។

ទី៤. អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងត្រៀមឯកសារចាំបាច់ឱ្យបានគ្រប់គ្រាន់ ដើម្បីចុះឈ្មោះ ឬកែតម្រូវទិន្នន័យតាមនីតិវិធី និងក្នុងរយៈពេលដែលបានកំណត់តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia