Connect with us

ព័ត៌មាន

កម្ពុជា-ក្រូអាត ជំរុញ​​កិច្ច​សហប្រតិបត្តិការនិង​​ នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយ​សារ​យុទ្ធភណ្ឌគ្រឿងផ្ទុះ ​​​

កម្ពុជា និងក្រូអាត ជំរុញ​​កិច្ច​សហប្រតិបត្តិការសកម្មភាព​មីន​ និង​​ នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយ​សារ​យុទ្ធភណ្ឌគ្រឿងផ្ទុះ ​​​និង​ដោយធានាថា កុមារជំនាន់ក្រោយអាចរស់នៅ និងលូតលាស់លើដីដែលមានសុវត្ថិភាព ដោយមិនស្ថិតក្រោមការគំរាមកំហែងពីសំណល់នៃសង្គ្រាម ជាពិសេសបន្ត​រួមគ្នាកសាងពិភពលោក​ដែលមានសុវត្ថិភាព ។

ការជម្រុញបែបនេះធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និង​ ឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការ បរទេស និង កិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាត បានដឹក នាំកិច្ចសន្ទនាកម្ពុជា-ក្រូអាតស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិ

បត្តិការក្នុងវិស័យសកម្មភាពមីន នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នការទូតដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន​ និង ភាគីពាក់ព័ន្ធ ។

ក្នុង​ឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តមបណ្ឌិត​ លី ធុជ បានអបអរសាទរចំពោះ​ក្រូអាត ដែលបានបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រ​យៈពេល ៣១ ឆ្នាំ និងបានកម្ទេចមីនប្រមាណ​ ១០៧.០០០គ្រាប់ ដែលជាបទពិសោ ធន៍ដ៏មានតម្លៃសម្រាប់ប្រទេសដែលកំពុងបន្តបេសកកម្មនេះ​។

ឯកឧត្តម​បាន​គូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩២មក កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៣.៥០០ គីឡូម៉ែត្រក្រឡា និង កម្ទេចមីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤ លានគ្រាប់ ។ ទោះបីប្រឈមនឹងការរកឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗនៅតាមតំបន់ព្រំដែនក៏ដោយ កម្ពុជានៅ តែប្តេជ្ញាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារយុទ្ធ ភណ្ឌគ្រឿងផ្ទុះនៅឆ្នាំ ២០៣៥ ។

ក្នុងកិច្ចសន្ទនានេះ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា បច្ចេក វិទ្យា ដូចជាដ្រូន រូបភាពផ្កាយរណបឧបករណ៍ចាប់សញ្ញាទំនើប និងបញ្ញាសិប្បនិម្មិត មានតួនាទីសំខាន់ក្នុងការបង្កើនប្រសិទ្ធ ភាពការងារបោសសម្អាតមីន ។ ទោះជាយ៉ាងណា កត្តាស្នូលនៃភាពជោគជ័យនៅតែជាមនុស្ស រួមមានអ្នកជំនាញបោសសម្អាតមីន អ្នកអប់រំអំពីហានិភ័យ ការជួយជនរងគ្រោះ និង ស្ថាប័នដែលមានសមត្ថភាពរឹងមាំ។ បទពិសោធន៍របស់ក្រូអាតក្នុងការបញ្ចប់ការងារបោសសម្អាតមីន នឹងផ្តល់មេរៀនដ៏មានតម្លៃដល់កម្ពុជា ជាពិសេសការដោះស្រាយតំបន់លំបាកចុងក្រោយ និងការបន្តជួយជនរងគ្រោះរយៈពេលវែង ។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមានបទ ពិសោធន៍ និងសមត្ថភាពជាតិដ៏រឹងមាំក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗក្នុងលក្ខខណ្ឌជាក់ស្តែង។ កម្ពុជាត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួន និង រៀនសូត្រពីក្រូអាត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ឯកឧត្តមក៏​បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រូអាត និងអ្នកចូលរួមទាំងអស់ដែលបានចែករំលែកចំណេះដឹង និង បទពិសោធន៍ដោយបើកចំហ ព្រមទាំងជំរុញឱ្យភាគីទាំងពីរប្រែក្លាយចំណេះ ដឹងទៅជាសកម្មភាពរួមជាក់លាក់ រួមមាន ការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាលទស្សនកិច្ចរួមនៅទីតាំងបោសសម្អាតមីន និង ការពង្រឹងជំនួយដល់ជនរងគ្រោះ ។ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និង ក្រូអាត នឹងបន្តរួមគ្នាកសាងពិភពលោកដែលមានសុវត្ថិភាព ដោយធានាថា កុមារជំនាន់ក្រោយអាចរស់នៅ និងលូតលាស់លើដីដែលមានសុវត្ថិភាព ដោយមិនស្ថិតក្រោមការគំរាមកំហែងពីសំណល់នៃសង្គ្រាម ៕ អត្ថបទ,ភារម្យ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia