ព័ត៌មាន
អនុប្រធានទី២ រដ្ឋសភា៖ ការអភិវឌ្ឍសភាអេឡិចត្រូនិកផ្តល់ផលប្រយោជន៍ខ្ពស់ ប៉ុន្តែទាមទារការប្រុងប្រយ័ត្ន និងការការពារទិន្នន័យជាចម្បង
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទជាផ្លូវការនៃសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក» (e-Parliament) បន្ទាប់ពីដំណើរការពិភាក្សានិងប្រមូលធាតុចូលយ៉ាងសកម្មអស់រយៈពេលពេញមួយព្រឹកប្រកបដោយជោគជ័យ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះបានប្រារព្វពីធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីបើកសម្តេចប្រធានរដ្ឋសភាបានដាក់ចេញនូវអនុសាសន៍ និង ចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការប្រែក្លាយ ស្ថាប័ននីតិប្បញ្ញត្តិឱ្យក្លាយជា «សភាឌីជីថល»ឆ្លើយតបទៅនឹងការវិវត្តនៃសង្គមសម័យទំនើប និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។
បន្ទាប់ពីពិធីបើកជាផ្លូវការ អង្គសិក្ខាសាលាបានបន្តដំណើរការតាមរបៀបវារៈយ៉ាងផុសផុល ដោយមានការធ្វើ បទបង្ហាញពីក្រុមការងារបច្ចេកទេស និងវាគ្មិនជំនាញ អំពីវឌ្ឍនភាពនៃការបង្កើត ប្រព័ន្ធសភាអេឡិចត្រូនិក ការដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីទូរស័ព្ទដៃ (Mobile App) និងគេហទំព័រផ្លូវការថ្មីរបស់រដ្ឋសភា។
អង្គពិធីក៏បានបើកវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងប្រមូលធាតុចូលយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត ធានាឱ្យប្រព័ន្ធនេះដំណើរការដោយរលូន សុក្រឹត និងឆ្លើយតបចំតម្រូវការ ប្រើប្រាស់ជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ឈានដល់ពិធីបិទបញ្ចប់សិក្ខាសាលានាថ្ងៃដដែលនេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមការងារសភាអេឡិចត្រូនិក បានឡើង រាយការណ៍ង្ខេបអំពីផ្លែផ្កា និងលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបញ្ជាក់ថា ធាតុចូលនិងមតិយោបល់កែលម្អទាំងអស់ដែលទទួលបានពីសិក្ខាសាលានេះ នឹងក្លាយជាទុនគំនិត និងជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ក្រុមការងារបច្ចេកទេស យកទៅអភិវឌ្ឍ និងកែលម្អប្រព័ន្ធឌីជីថលរបស់រដ្ឋសភាឱ្យកាន់តែរឹងមាំ ឆ្ពោះទៅរកការដាក់ឱ្យដំណើរការជាផ្លូវការពេញលេញនាពេលឆាប់ៗខាងមុខ។
ថ្លែងនៅក្នុងពិធីបិទបញ្ចប់នោះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសិក្ខាសាលានេះ ព្រមទាំងបានគូសបញ្ជាក់ថា ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament) ពិតជាបានជួយសម្រួល និងពន្លឿនការបំពេញការងារ របស់ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងភាពវិជ្ជមាននេះ ស្ថាប័នចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ការពារសុវត្ថិភាពទិន្នន័យ និងការកំណត់សិទ្ធិចូលប្រើប្រាស់ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ វិធាន និងនីតិវិធីជាធរមានរបស់រដ្ឋសភា។
ឯកឧត្តមអនុប្រធានទី២ បានសង្កត់ធ្ងន់ថា វឌ្ឍនភាពគួរជាទីមោទនៈនៃសភាអេឡិចត្រូនិកនាពេលនេះ គឺពិតជាកើតចេញពីការចង្អុលបង្ហាញ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យបន្តកែលម្អកម្មវិធីទូរស័ព្ទដៃ (Mobile App) និងគេហទំព័រផ្លូវការថ្មីរបស់រដ្ឋសភា ដោយផ្តោតលើភាពងាយស្រួលប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង សម្រួលដល់ការ ផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រដ្ឋសភាឱ្យបានលឿនរហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា សំដៅរួមចំណែកពង្រឹងទំនុកចិត្តរបស់សាធារណជន និងប្រជាពលរដ្ឋមកលើប្រព័ន្ធ ឌីជីថលរបស់ស្ថាប័ននីតិប្បញ្ញត្តិ៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល