Connect with us

ព័ត៌មាន

អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង ខិតខំដាំដំណាំរួមផ្សំ២៧មុខ បង្កើនជីវភាពគ្រួសារឱ្យធូរធារជាងមុន ក្រោយទទួលបានដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន

កំពង់ឆ្នាំង៖ អតីតយុទ្ធជនរស់នៅភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាននិងកំពុងខិតខំដាំដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំ២៧មុខ នៅលើដីដែលទទួលបានពីសមាគមអតីតយុទ្ធជនកម្ពុជា ដោយបច្ចុប្បន្នដំណាំមួយចំនួនបានចេញផ្លែផ្កា និងអាចលក់រកចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យប្រសើរឡើងជាបណ្តើរៗ។

លោក អ៊ិន សុផា អតីតយុទ្ធជនរស់នៅក្នុងភូមិខាងលើ បានឱ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា៖ គ្រួសារអតីតយុទ្ធជនទាំងអស់បានទទួលដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា តាមរយៈឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគម និងថ្នាក់ដឹកនាំពាក់ព័ន្ធ ដោយគ្រួសារនីមួយៗទទួលបានដីទំហំ ១ម៉ឺន ៥០០ម៉ែត្រការ៉េ។ ក្រោយទទួលបានដី លោកបានខិតខំប្រើប្រាស់ផ្ទៃដីឱ្យមានប្រសិទ្ធភាព ដោយដាំដំណាំចម្រុះ២៧មុខ ដែលដំណាំមួយចំនួនបានផ្តល់ផលជាបន្តបន្ទាប់ និងអាចលក់បានប្រាក់ចំណូលសម្រាប់ដោះស្រាយតម្រូវការប្រចាំថ្ងៃ។ ដីនៅតំបន់នេះមានជីជាតិល្អ និងមានសក្តានុពលសម្រាប់ការដាំដុះ ព្រមទាំងបានអំពាវនាវដល់អតីតយុទ្ធជនដទៃទៀតឱ្យខិតខំដាំដំណាំជុំវិញផ្ទះ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ អតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយផ្តល់ដី និងផ្ទះដល់គ្រួសារអតីតយុទ្ធជន ដែលជាកត្តាសំខាន់ជួយឱ្យពួកគាត់មានទីជម្រក និងឱកាសប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង។

ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ គោលបំណងរបស់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធដែលបានចូលនិវត្តន៍ ដើម្បីធានាថា ពួកគាត់មានទីជម្រកសមរម្យ និងមានឱកាសកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ការខិតខំដាំដំណាំរួមផ្សំរបស់អតីតយុទ្ធជននៅភូមិអូកាខុបនេះ គឺជាគំរូមួយនៃការប្រើប្រាស់ដីឱ្យមានប្រយោជន៍ ដោយបម្លែងដីដែលទទួលបានទៅជាប្រភពចំណូលសម្រាប់គ្រួសារ និងជួយកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia