ព័ត៌មាន
សិស្ស-និស្សិត TVET ទទួលបានឱកាសអនុវត្តជំនាញជាក់ស្តែង តាមរយៈកម្មសិក្សានៅក្រុមហ៊ុនមីនេបៀ
(ភ្នំពេញ)៖ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្លួនសម្រាប់ការចូលទីផ្សារការងារ។
លោក ជន វិចិត្រ ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បានឱ្យដឹងថា ក្រុមហ៊ុនបានសហការជាប្រចាំជាមួយគ្រឹះស្ថាន TVET ដោយទទួលសិស្ស-និស្សិតចុះកម្មសិក្សាជិត ២០០នាក់ក្នុងមួយឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពួកគេពង្រឹងជំនាញ និងទទួលបានបទពិសោធន៍ការងារជាក់ស្តែង។
លោកបានលើកឡើងថា ការរៀនទ្រឹស្តីនៅសាលាមានសារៈសំខាន់ ប៉ុន្តែការចុះកម្មសិក្សានៅកន្លែងការងារពិត ក៏ជាផ្នែកមិនអាចខ្វះបាន ព្រោះជួយឱ្យសិស្ស-និស្សិតយល់ថា ចំណេះដឹង និងជំនាញដែលពួកគេបានសិក្សា អាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងបានដោយរបៀបណា។
លោកថ្លែងថា៖ «អ្នករៀនបច្ចេកទេស គាត់រៀនតែនៅសាលា តែបើគាត់អត់បានចុះទៅធ្វើការសិក្សានៅក្នុងក្រុមហ៊ុនទេ គាត់អត់ដឹងថា តើអ្វីដែលគាត់រៀន អាចយកទៅប្រើនៅកន្លែងធ្វើការបានអត់»។
តាមរយៈកម្មសិក្សា សិស្ស-និស្សិតអាចស្វែងយល់ពីលក្ខខណ្ឌការងារ ដំណើរការផលិតកម្ម និងរបៀបអនុវត្តជំនាញក្នុងបរិយាកាសវិជ្ជាជីវៈ ដែលជួយឱ្យពួកគេត្រៀមខ្លួនបានកាន់តែប្រសើរ មុនឈានទៅរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។ នេះបើតាមការបន្ថែមរបស់លោក ជន វិចិត្រ។
លោកថា កិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថាន TVET ក៏ជួយឱ្យការបណ្តុះបណ្តាលកាន់តែស្របតាមតម្រូវការទីផ្សារការងារ តាមរយៈការចែករំលែកបទពិសោធន៍ និងតម្រូវការជំនាញពីវិស័យឯកជន។ ការតភ្ជាប់ការសិក្សាទៅនឹងការអនុវត្តជាក់ស្តែងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់និយោជក៕






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 week agoយុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង