ព័ត៌មាន
ក្រុមហ៊ុនចំនួន ១២ចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត ហ្វូជាន
ក្រុមហ៊ុនចំនួន១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។ ការចុះកិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលសំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងខេត្តកំពត និងខេត្តហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរំពឹងថានឹងរួមចំណែកជំរុញសកម្មភាពវិនិយោគ និងបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពត។

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តចូលរួមសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះមានការចូលរួមពីតំណាងភាគីចិន រួមមាន ឯកឧត្តម យៀក ទឺស៊ីង លេខារងបក្ស និងជាអភិបាលក្រុងភីងថាន លោក ជា វេយប៊ីន ប្រធានមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ពិសោធន៍ចម្រុះភីងថាន ឧកញ៉ា យ៉ាង ដាហ្វា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសចំនួន៥៧។

ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា កម្ពុជារក្សាបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ ឯកឧត្តមបានបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន គឺជាទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលប្រទេសទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ទោះបីជាក្រុងភីងថាន និងខេត្តកំពតស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងសហគ្រាសនៃតំបន់ទាំងពីរ អាចក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានធ្វើបទបង្ហាញអំពីសក្តានុពល និងឱកាសវិនិយោគក្នុងខេត្តកំពត ដើម្បីផ្សព្វផ្សាយដល់ប្រតិភូ និងវិនិយោគិនចិនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីលទ្ធភាពនៃការបណ្តាក់ទុនក្នុងខេត្ត។
ឯកឧត្តម ម៉ៅ ធនិន បានស្វាគមន៍ចំពោះវិនិយោគិនមកពីខេត្តហ្វូជាន ជាពិសេសក្រុងភីងថាន ដែលមានបំណងមកបណ្តាក់ទុននៅខេត្តកំពត។ ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន ហើយការចូលរួមរបស់វិនិយោគិនអាចជួយជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន បង្កើតឱកាសការងារ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាផ្លាស់ប្តូរព័ត៌មាន និងពង្រឹងការយល់ដឹងរវាងភាគីទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កម្មវិធីបានបញ្ចប់ដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ដែលក្នុងនោះក្រុមហ៊ុនចំនួន១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត៕ អត្ថបទ៖ អន សារឹម







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣