Connect with us

ព័ត៌មាន

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រយន្តការអាស៊ាន ដើម្បី​រួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត (Antonio G. Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុង​ឱកាស​ដែល​ឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះឯកឧត្តម នាយ​ឧត្តម​សេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត ដែលត្រូវបាន​តែង​តាំង​ជា​នាយ​សេនា​ធិការ​កង​ទ័ព​ហ្វីលីពីន​ថ្មីៗនេះ ដោយចាត់ទុកការតែងតាំងនេះថាជាការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំ និង​ការខិតខំរបស់ឯកឧត្តមក្នុងបុព្វហេតុការពារជាតិហ្វីលីពីន។

ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និ​ង​កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើនជាបន្តបន្ទាប់ តាម​រយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជូនយោធាចារ្យ និង​ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺនរួម។

ឯកឧត្តមក៏បានបង្ហាញជំនឿថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​សន្តិសុខ ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខ​សាយប័រ ព្រមទាំងការងារមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។

តាមគម្រោងនៃដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណា​ហ្វារ៉េត​ នឹងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែល​កំពុង​បំពេញ​បេសក​កម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត បានវាយតម្លៃខ្ពស់​ចំពោះ​កិច្ច​​សហប្រតិបត្តិការដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេស​រវាង​កង​ទ័ព​ជើង​គោក​នៃ​ប្រទេស​ទាំងពីរ​។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងហ្វីលីពីន ក្នុង​ការ​បន្ត​ពង្រឹង​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងគាំទ្រយន្តការអាស៊ាន ដើម្បី​រួម​ចំណែក​ថែ​រក្សា​សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia