Connect with us

ព័ត៌មាន

កម្ពុជា និងក្រូអាស៊ី ប្តេជ្ញាចិត្តរួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​ពហុភាគី​នានា

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃ​សាធារណ​រដ្ឋ​ក្រូអាស៊ី នៅព្រឹកថ្ងៃទី២0 ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាស​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​ឯកឧត្តម​រដ្ឋមន្រ្តី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ​បាន​ឲ្យដឹងថា រដ្ឋមន្រ្តី​ការ​បរទេស​ទាំង​ពីរ​បាន​សម្តែង​​នូវ​ការពេញចិត្តចំពោះចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏​ជិត​ស្និទ្ធ​រវាង​កម្ពុជា និងក្រូអាស៊ី ដែលបានរីកចម្រើនក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បានប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០២៦នេះ។

ថ្នាក់​ដឹកនាំទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីមធ្យោបាយនានា ក្នុងការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការទ្វេភាគីបន្ថែមទៀតលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិ-ឧស្សាហកម្ម ការដឹកជញ្ជូន និងភស្តុភារកម្ម អប់រំ ទេសចរណ៍ ការបោសសម្អាតមីន និង​ទំនាក់​ទំនង​ប្រជាជន និងប្រជាជន។

ក្រសួងការបរទេសបានបញ្ចាក់ថា ភាគីទាំងពីរក៏បានបញ្ជាក់អំពីការប្តេជ្ញា​ចិត្តរួមគ្នាក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការបន្ថែមទៀតនៅក្នុងវេទិកាពហុភាគីនានា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក ដោយផ្អែក​លើ​គោល​ការណ៍​ពហុ​ភាគី​និយម និងការគោរពច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។

បន្ទាប់ពីជំនួបទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ បានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួនពីរ ដូចខាងក្រោម៖

១) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃ​សាធារណ​រដ្ឋ​ក្រូអាស៊ី ស្តីពីការលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និង២) អនុស្ស​រណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និង​ទំនាក់​ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង​បណ្ឌិត្យសភាការទូត នៃក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia