Connect with us

ព័ត៌មាន

កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន លើកឡើងថា កម្ពុជាបានស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង និងកើនទំនុកចិត្តឡើងវិញ។ ការលើកឡើងនេះ ធ្វើឡើងនៅ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ(UNCLOS) រវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ជាធម្មតាភាពតានតឹងកើនឡើង ឯជំនឿទុកចិត្តថយចុះ ដើម្បីឱ្យប្រទេសទាំង២ អាចមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ហើយឈានទៅដល់ការស្រុះស្រួលគ្នា ផ្សះផ្សាគ្នា យើងត្រូវខិតខំធ្វើយ៉ាងណាឱ្យភាពតានតឹងថយចុះ ឯទំនុកចិត្តកើនឡើងវិញ។ ដោយហេតុនេះហើយ គណៈកម្មការបានស្នើសុំឱ្យភាគីទាំង២ ធ្វើបញ្ជូនទៅគណៈកម្មការវិញនូវអ្វីដែលខ្លួនយល់ថា ជាវិធានការកសាងទំនុកចិត្តទៅវិញទៅមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា កម្ពុជា បានលើកសំណើពាក់ព័ន្ធនឹងចំណុចមួយចំនួនដែលយល់ឃើញថា មានផលប្រយោជន៍សម្រាប់ឱ្យភាគីទាំង២ យល់គ្នាទៅវិញទៅមក កាត់បន្ថយភាពតានតឹង និងកសាងជំនឿទុកចិត្តគ្នាឡើងវិញ ដើម្បីសម្រួលទំនាក់ទំនងគ្នា ជាពិសេសសម្រួលដល់ដំណើរការផ្សះផ្សាដោយបង្ខំនេះ។ កម្ពុជា បានស្នើសុំ ហើយក៏បានទទួលមកវិញពីគណៈកម្មការនូវចំណុចមួយចំនួនដែលមានសារៈសំខាន់៖

១. យើងបានស្នើសុំឱ្យការធ្វើទំនាក់ទំនងជាសារធារណៈរវាងប្រទេសទាំង២ ធ្វើឡើងដើម្បីកសាងនូវលំហមួយសម្រាប់ការទំនាក់ទំនងគ្នាប្រកបដោយលក្ខណៈស្ថាបនា គឺធ្វើអ្វីៗដោយវិជ្ជមាន មិនបង្កភាពតានតឹងបន្ថែម។

២. យើងស្នើសុំឱ្យកិច្ចព្រមព្រៀងគ្នាទាំងឡាយ ការខិតខំទាំងឡាយរបស់ភាគីនានា ជាការខិតខំឆ្ពោះទៅរកការចៀសវាង មិនឱ្យបង្កើតភាពតានតឹង ឬក៏ខូចខាតទៅដល់ស្ថានការណ៍បច្ចុប្បន្នបន្ថែមទៀត។ ក្នុងគោលដៅនេះយើងបានបញ្ជាក់ជាមួយគណៈកម្មការថា ស្នើសុំឱ្យចៀសវាងនូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ក្នុងដែនសមុទ្រដែលផ្សារភ្ជាប់រវាងប្រទេសទាំង២។ ទោះពាក់ព័ន្ធការធ្វើនាវាចរ ឬការនេសាទរបស់ប្រជាពលរដ្ឋនៅតាមឆ្នេរសមុទ្រក៏ដោយ។

៣. យើងស្នើសុំឱ្យលើកកម្ពស់ទំនាក់ទំនងការទូតបច្ចុប្បន្ន ឡើងដល់កម្រិតសមស្របដើម្បីឱ្យប្រទេសទាំង២ មានខ្សែទំនាក់ទំនងរវាងរដ្ឋាភិបាលទាំង២ ពិសេសរវាងរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២។

៤. យើងស្នើអ្វី១ ដែលយើងក៏ដឹងដែរថា វាអាចទៅផុតពីសមត្ថកិច្ចគណៈកម្មការ គឺការស្នើសុំឱ្យអនុវត្តឱ្យពេញលេញនូវកិច្ចព្រមព្រៀងទាំងឡាយដែលមានជាមួយគ្នា ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ទាំងបទឈប់បាញ់លើកទី១ បទឈប់បាញ់លើកទី២ និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាដែលមានសមត្ថកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បន្ទាប់ពីកិច្ចប្រជុំលើកទី១ កាលពីខែកញ្ញា នៅប្រទេសសិង្ហបុរី ហើយនឹងបន្តកិច្ចប្រជុំលើកទី៣ នៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៤ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia