Connect with us

ព័ត៌មាន

មោទនភាពខួប ១ឆ្នាំ៖ ព្រលានយន្តហោះអន្តរជាតិតេជោ ជា​បេះដូងថ្មី នៃ​ការ​តភ្ជាប់​សេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា

​រយៈពេលពេញមួយឆ្នាំ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានចាប់ផ្តើមប្រតិបត្តិការ និង​ការប្រារព្ធពិធីសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពសង់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សមិទ្ធផល​លំដាប់​ថ្នាក់​ពិភពលោក​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជា​និមិត្តរូបនៃវឌ្ឍនភាពជាតិ និងជាបេះដូងថ្មី ដែល កំពុងជំរុញសន្ទុះសេដ្ឋកិច្ច និង​ទេសចរណ៍​ជាតិ​យ៉ាងរស់រវើក។

លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក កាល​ពី​រសៀលថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៦កន្លងទៅ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ និង​សិរីមង្គល ដើម្បីអបអរ​សាទរ​ខួប​មួយ​ឆ្នាំ​នៃ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ បានមានប្រសាសន៍ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺ​ជា​សមិទ្ធផលមួយក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន និង​ការ​បន្ត​ដឹក​នាំ​របស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគម្រោងនេះ​ទទួល​បាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល បានក្លាយជាសមិទ្ធផលដ៏សំខាន់មួយនៃការវិនិយោគក្នុងស្រុក និង​សមត្ថ​ភាព​របស់​កូន​ខ្មែរ ​ខណៈអាកាសយានដ្ឋាននេះបានបើកដំណើរការអស់រយៈពេលមួយឆ្នាំ ដោយឆ្លង​កាត់​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់ និងបន្តដំណើរការទទួលបានលទ្ធផលជាវិជ្ជមាន។

លោកឧកញ៉ា បានចាត់ទុកការបើកដំណើរការអាកាសយានដ្ឋាននេះ និងការ​គ្រប់​គ្រង​ប្រតិបត្តិ​ការ​ក្នុង​រយៈ​ពេលមួយឆ្នាំដំបូងថា ជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់កូនខ្មែរ និង​ការ​វិនិយោគរបស់វិនិយោគិនខ្មែរលើគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់មួយនេះ។ លោកបន្តថា ការឈានដល់ខួបមួយឆ្នាំក្នុងពេលនេះ គឺជាឱកាសសម្រាប់វាយតម្លៃលើការអភិវឌ្ឍ និង​សមត្ថភាពប្រតិបត្តិការរបស់គម្រោង ព្រមទាំង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ក្នុង​វិ​ស័យអាកាសចរណ៍ និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។

លោកឧញ៉ា បានបញ្ជាក់ថា ទោះបីស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលក៏ដោយ ក៏ក្រុ​ម​ហ៊ុន​មិន​បោះ​បង់​ការខិតខំប្រឹងប្រែងដែរ ដោយបន្តសហការ​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​អាកាសចរ​ស៊ីវិល និងថ្នាក់ដឹកនាំក្រុមហ៊ុន។ ថ្នាក់ដឹកនាំនៅតែបន្តផ្តល់ការគាំទ្រ និងបញ្ចូល​ទុន​ជា​បន្ត​បន្ទាប់ ដើម្បីធានាឱ្យប្រតិបត្តិការរបស់អាកាសយានដ្ឋានអាចបន្តដំណើរការបាន ទោះបី​ជា​ក្រុម​ហ៊ុន​ប្រឈមនឹងការខាតបង់ក៏ដោយ។ លោកឧញ៉ាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន​ត្រូវ​គ្រប់​គ្រង​ប្រតិបត្តិការ​ដោយ​ប្រុងប្រយ័ត្ន ដើម្បីជៀសវាងហានិភ័យ និងធានានិរន្តរភាពនៃការ​ដំណើរការ​អាកាស​យានដ្ឋាន​។​

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២ ៦០០ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវបានចាត់​ថ្នាក់​ជា​អាកាស​យាន​ដ្ឋាន​លំដាប់​ 4F ដែលជាកម្រិតខ្ពស់បំផុតក្នុង វិស័យអាកាសចរណ៍។ អាកាសយានដ្ឋាន​ដ៏​ទំនើប​នេះ​មាន​សមត្ថភាពអាចទទួលចុះចតនូវប្រភេទយន្តហោះខ្នាតយក្សឆ្លងទ្វីប ដូចជា Airbus A380-800 និង Boeing 747-800 ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia