Connect with us

ព័ត៌មាន

គ.ល.ក. ពង្រឹងការត្រួតពិនិត្យកាស៊ីណូទូទាំងប្រទេស និងព្រមាន​ដក​ហូត​អាជ្ញា​បណ្ណ​ចំពោះ​អ្នក​លួច​បើក​ល្បែង​អន​ឡាញ​ខុសច្បាប់

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) នឹង​បន្ត​ពង្រឹង​ការត្រួតពិនិត្យ និងតាមដានទីតាំងកាស៊ីណូទូទាំងប្រទេស ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន ​និងតំបន់ភូមិសាស្ត្ររសើប ដើម្បីទប់ស្កាត់​ការ​លួច​បើក​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អន​ឡាញ​ខុស​ច្បាប់​។ ស្ថាប័ននេះ បានព្រមានថា កាស៊ីណូណាដែលបំពានការណែនាំរបស់រាជរដ្ឋាភិបាល អាច​ប្រឈមនឹងការពិន័យ ការព្យួរ ឬដកហូតអាជ្ញាបណ្ណ ព្រមទាំង​ការ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​តាម​នីតិវិធីច្បាប់។

លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជ​កម្ម​កម្ពុជា (គ.ល.ក.) បានឱ្យដឹងថា ពាក់ព័ន្ធនឹងការ​ចុះត្រួ​ត​ពិនិត្យ​ទីតាំង​កាស៊ីណូនៅ​ទូទាំង​ប្រទេ​សចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ អគ្គលេខាធិការដ្ឋាននៃ​ គ.ល.ក. បាន​រៀប​ចំ​ផែន​ការ​សហការយ៉ាងជិតស្និទ្ធជាមួយ​ អគ្គលេខាធិការដ្ឋាន​ គ.ប.ឆ.ប​,​ គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​រាធានី-ខេត្ត, កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បី​ទប់​ស្កាត់​ការ​លួចបើកដំណើរការល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។ យន្តការ​រួម​មាន​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះចុះត្រួតពិនិត្យផ្ទាល់និងទៀងទាត់តាមបណ្តាទីតាំងកាស៊ីណូ, ការដាក់​ពង្រាយ​បណ្តាញ​ត្រួត​ពិនិត្យបច្ចេកវិទ្យាអ៊ីនធឺណិត, និងការបង្កើតច្រកទំនាក់ទំនងបន្ទាន់ ដើម្បី​ធានា​ថា​ការ​អនុវត្តវិធានការទប់ស្កាត់នេះមានប្រសិទ្ធភាពខ្ពស់ និងគ្មានការបន្ធូរបន្ថយឡើយ។

លោកមានប្រសាសន៍ថា «ក្នុង​ករណី​រក​ឃើញ​ថា​កាស៊ីណូ​ណាមួ​យ​នៅ​តែ​លួច​បើក​ដំណើរ​ការ​ល្បែង​ស៊ី​សង​តាមប្រព័ន្ធអនឡាញ ផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល ស្ថាប័ននឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត រួមមាន​ពិន័យអន្តរការណ៍​, ព្យួរ ឬដកហូតអាជ្ញាបណ្ណកាស៊ីណូ, បិទសៀល​នៅ​ច្រក​ចេញ​ចូល, និងឧបករណ៍បច្ចេកវិទ្យាពាក់ព័ន្ធនៅក្នុងទីតាំងបរិវេណកាស៊ីណូ​ ដោយ​សហការ​ជា​មួយ​ស្ថាប័ន​ អយ្យការអមសាលាដំបូង​ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំង កសាង​សំណុំ​រឿង​បញ្ជូនខ្លួនម្ចាស់ទីតាំង អ្នកគ្រប់គ្រង និងបុគ្គលពាក់ព័ន្ធទៅតុលាការ​ ដើម្បី​ចាត់​វិធាន​ការ​តាមនីតិវិធីច្បាប់ជាធរមាន»។

លោកអះអាងថា រហូតមកដល់ពេលនេះ ​ គ.ល.ក. អាចសន្និដ្ឋានថា​ កាស៊ីណូ​ដែល​មាន​អាជ្ញា​បណ្ណ​ត្រឹម​ត្រូវ​ភាគច្រើនបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបញ្ឈប់​ទាំង​ស្រុង​នូវ​សកម្ម​ភាព​ល្បែង​ស៊ីសងតាមប្រព័ន្ធអនឡាញ។ ទោះជាយ៉ាងណា ទីតាំងកាស៊ីណូទាំង​អស់​នៅ​ទូទាំង​ប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ភូមិសាស្ត្ររសើប គឺកំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ និងតាមដានយ៉ាងដិត​ដល់​បំផុត​ពី​សំណាក់​ក្រុម​ការងារ​ត្រួត​ពិនិត្យ​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​នៃ គ.ល.ក.។ ប្រសិនបើមានទីតាំងណាបង្ហាញសញ្ញាខុសប្រក្រតី ឬសង្ស័យ​ថាមាន​ការ​ពាក់​ព័ន្ធ​នឹង​ការលួចលាក់ធ្វើសកម្មភាពខុសច្បាប់ ស្ថាប័ននឹងបន្តចាត់វិធានការពិនិត្យស្រាវជ្រាវ និង​ដាក់ពិន័យបន្ថែមយ៉ាងតឹងរ៉ឹងភ្លាមៗ៕ អត្ថបទ៖ ធូ វិរ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia