ព័ត៌មាន
កម្ពុជា និង IFAD ពិនិត្យវាយតម្លៃកម្មវិធីអភិវឌ្ឍន៍ជនបទ និងពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជនបទ
រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) បានពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជនបទ និងពិភាក្សាអំពីអាទិភាពសម្រាប់កម្មវិធីនាពេលអនាគត ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងកាត់បន្ថយភាពក្រីក្រ។
ការពិភាក្សានេះធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការវាយតម្លៃយុទ្ធសាស្ត្រ និងកម្មវិធីប្រចាំប្រទេស កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២៦ កន្លងទៅ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ វិស័យឯកជន អង្គការសង្គមស៊ីវិល និងតំណាងអង្គការកសិករ។ សិក្ខាសាលានេះ ក៏បានប្រារព្ធខួប ៣០ឆ្នាំនៃភាពជាដៃគូរវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានមានប្រសាសន៍ថា មូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម បានធ្វើកិច្ចការងារជាច្រើនដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា សំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទយ៉ាងច្រើន។
ឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សិក្ខាសាលានេះជាឱកាសដ៏សំខាន់សម្រាប់ពិនិត្យមើលសមិទ្ធផល បញ្ហាប្រឈម និងមេរៀនដែលទទួលបានពីកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងពង្រឹងភាពជាដៃគូសម្រាប់ឆ្នាំខាងមុខ។
ជាមួយនេះ លោកស្រី Reehana Raza នាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម បានជំរុញឱ្យអ្នកចូលរួមពិភាក្សាប្រកបដោយភាពស្ថាបនា ដើម្បីបម្លែងលទ្ធផលនៃការវាយតម្លៃទៅជាសកម្មភាពជាក់ស្តែង។ នេះជាឱកាសដ៏សំខាន់ក្នុងការប្រែក្លាយភស្តុតាងទៅជាសកម្មភាព។ លោកស្រី ក៏បានលើកទឹកចិត្តឱ្យមានការពិភាក្សាដោយបើកចំហ និងស្ថាបនា ដើម្បីឈានដល់ការឯកភាពលើវិធានការជាក់ស្តែង ការបែងចែកការទទួលខុសត្រូវ និងកាលកំណត់ពេលវេលាច្បាស់លាស់។
សូមបញ្ជាក់ថា មូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) បានគាំទ្រដល់កិច្ចអភិវឌ្ឍជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) និងកម្មវិធី ASPIRE AT មានតួនាទីបំពេញបន្ថែមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករខ្នាតតូចនៅកម្ពុជា។ខណៈដែល ASPIRE-ATផ្តោតលើការពង្រឹងសមត្ថភាពផលិតកម្ម ការផ្សព្វផ្សាយបច្ចេកទេស និងភាពធន់របស់កសិករ AIMS ផ្តោតលើការតភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការបង្កើតឱកាសអាជីវកម្ម។
ការសហការរវាងកម្មវិធីទាំងពីរនេះជួយភ្ជាប់ចំណេះដឹង និងសមត្ថភាពផលិតកម្មរបស់កសិករទៅនឹងឱកាសទីផ្សារ ដើម្បីឱ្យកសិករមិនត្រឹមតែអាចផលិតបានកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពលក់ផលិតផល ទទួលបានតម្លៃសមរម្យ និងបង្កើនប្រាក់ចំណូលផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា