Connect with us

ព័ត៌មាន

ម្ចាស់សិប្បកម្មក្នុងស្រុកបង្ហាញមោនទភាព ក្នុងការចូលរួមបង្កើតការងារ និង​ការ​ជួយដ​ល់​កសិករ​អ្នក​ដាំ​ដុះ

ម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុក បង្ហាញនូវមោនទភាព លើការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាម​រយៈការបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងការជួយដល់កសិករជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ខណៈ​ផលិតផលរបស់ពួកគាត់កំពុងទទួលបានការគាំទ្រនៅលើទីផ្សារ។

ម្ចាស់​សិប្បកម្មកែច្នៃ និងវេចខ្ចប់ក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផលិត ការវេចខ្ចប់ និងការលក់ ផលិតផលលើទីផ្សារ នេះថា ការបង្កើតនូវអាជីវកម្ម ផលិត និង​វេច​ខ្ចប់​ផលិត​ផល​ចាប់ពីមួយ ឬទៅច្រើនមុខ គឺជាដំណើរការមួយដែលទាមទារក្នុងការខិតខំប្រឹងប្រែង ផ្នែក​បច្ចេកទេសផ្ទៃក្នុង និងការគាំទ្រពីកត្តាខាងក្រៅ ដើម្បីធានាបាននូវនិរន្តរភាព ក្នុង​នោះ​ការ​គ្រប់​គ្រង​ខ្សែសង្វាក់ផលិតកម្ម និងថ្លៃដើម មានសារៈសំខាន់ណាស់ ដើម្បីជំរុញ​ការ​ផលិត​ឱ្យ​មាន​ផលិត​ភាព​ខ្ពស់ និងគណនាថ្លៃដើមឱ្យបានហ្មត់ចត់ ដើម្បីកំណត់តម្លៃលក់មួយដែលសមស្រប អាច​ប្រកួតប្រជែងបាន និងមានប្រាក់ចំណេញ។

ម្ចាស់សិប្បកម្មទាំងនេះលើកឡើងស្រដៀងគ្នាថា តាមរយៈនៃការខិតខំពង្រឹងសមត្ថភាព និង​ផលិត​ភាពនេះ ទើបធ្វើ​ឱ្យអាជីវកម្ម របស់ពួកគាត់បានដំណើរ នៅលើដំណើរការផលិត និង​វេច​ខ្ចប់ សម្រាប់លក់លើទីផ្សារប្រព្រឹត្តិទៅដោយរលូន ដែលតាមរយៈនេះ ទោះបី​អាជីវកម្ម​របស់​ពួក​គាត់​មិន​ទាន់​មានការរីកចម្រើនខ្លាំង ក៏ពួកគាត់បាន​កំពុង​ចូល​រួម​ចំណែក​ផ្គត់​ផ្គង់​ផលិត​ផល​លើ​ទីផ្សារ​ឱ្យ​កាន់តែសម្បូរបែប ការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ និងការចូល​រួម​គាំទ្រ​ដល់​កសិករ​ដែល​ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមមកឱ្យពួកគាត់ផងដែរ។

ទាក់ទិន SME នេះដែរ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រំពឹងថា នៅ​ពេលខាងមុខសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងមានការរីកចម្រើនកាន់តែខ្លាំង ខណៈ​រាជរដ្ឋាភិបាលបានកំពុងជួយជ្រោមជ្រែងដល់ SME ក្នុងស្រុក។ បញ្ហា នេះដែរ ឧកញ៉ា​បណ្ឌិត​ក៏បា​នអំពាវនាវដល់ម្ចាស់សហគ្រាស និងសិប្បកម្មទាំងអស់ត្រូវពង្រឹងខ្លួនថែមទៀត ជា​ពិសេសចាប់យកប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ជាដំណោះស្រាយក្នុងអាជីវកម្មបន្ថែម។

សូមបញ្ជាក់ថា ជុំវិញ SME ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យ​បង្កើត​ស្តីពី​ការ​បង្កើត​លេខា​ធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ផ្នែកតាមដាននិងត្រួតពិនិត្យ នៃ​អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និង​កាត់​បន្ថយ​ភាព​ស្មុគស្មាញផ្នែករដ្ឋបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញ​ការ​រីក​ចម្រើន​របស់​សហគ្រាស៕​ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia