ព័ត៌មាន
អ្នកនាំពាក្យ៖ កម្ពុជា-ហ្វីលីពីនឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ពឱ្យកាន់តែស៊ីជម្រៅ។ ការឯកភាពគ្នាបែបនេះបានធ្វើឡើងនាឱកាសដែលនាយឧត្តមសេនីយ និងជានាយសេនាធិការកងទ័ពហ្វីលីពីន ឯកឧត្តម Antonio G Natarrete អញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខការការពារជាតិកម្ពុជា នៅថ្ងៃទី២០ តុលា ឆ្នាំ ២០២៦ម្សិលមិញនេះ។

ក្នុងជំនួបជាមួយសម្ដេចធិបតី នាយឧត្តមសេនីយ៍ និងជានាយសេនាធិការកងទ័ពហ្វីលីពីន បានរំលឹកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាសឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាសបន្ថែមទៀតនាពេលខាងមុខ ហើយខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះឱ្យទៅជាសកម្មភាព និងលទ្ធផលជាក់ស្ដែង។

បន្ថែមលើនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ សម្ដេចធិបតីក៏បានបញ្ជាក់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូពីការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
សម្ដេចធិបតី និងនាយឧត្តមសេនីយ៍ហ្វីលីពីនក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អំពើភេរវកម្ម និងការវាយប្រហារតាមប្រព័ន្ធសាយប័រជាដើម សំដៅរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក។
ចំណែក ជំនួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រធានាធិបតីហ្វីលីពីនបានជំរុញឱ្យមានការពង្រឹងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ហ្វីលីពីនបានប្តេជ្ញាអនុវត្តការងារដោយស្មោះត្រង់ តម្លាភាព និងមិនលម្អៀង ដើម្បីរួមចំណែកក្នុងការកសាងទំនុកចិត្ត ថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ