Connect with us

ព័ត៌មាន

ក្រសួងបរិស្ថាន និងអង្គការបានប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមសកល និងជាអាទិភាពចម្បងរបស់កម្ពុជា

ក្នុងឱកាសទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Amitabh Behar ប្រធានអង្គការអុកស្វាមអន្តរជាតិ (Executive Director of Oxfam International) នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមសកល និងជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញយុទ្ធសាស្ត្រនានា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការជំរុញសហគមន៍ឱ្យមានភាពធន់ និងការរស់នៅដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្ថែមថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល គឺមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីជំរុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជានឹងបង្ហាញការប្តេជ្ញាចិត្តជាថ្មីទៀត នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣១ នៃរដ្ឋភាគីអនុសញ្ញាអង្គការសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅប្រទេសតួកគីយ៉េ នាពេលខាងមុខ ដើម្បីធ្វើការជំរុញ ឱ្យសហគមន៍អន្តរជាតិ មានការផ្តល់ហិរញ្ញប្បទាន អាកាសធាតុប្រកបដោយសមធម៌ ជាពិសេសដល់ប្រទេសដែលរងគ្រោះ ដូចជាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសដែនកោះជាដើម។

លោកនាយកអង្គការអុកស្វាមអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព និងជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុសកល។ អង្គការអុកស្វាមបានអះអាងជាថ្មីនូវការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តកម្មវិធីជួយដល់ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ការពង្រឹងសមត្ថភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងបានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ធ្វើការជាមួយបណ្តាញសកល ដើម្បីស្វែងរកហិរញ្ញប្បទានអាកាសធាតុ ប្រកបដោយតម្លាភាព ដើម្បីពង្រឹងភាពធន់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ប្រកបដោយចីរភាព។ លោក Amitabh Behar បានបញ្ជាក់បន្ថែមថា អង្គការអុកស្វាម នឹងនៅតែបន្តឈរជាដៃគូដ៏រឹងមាំ ក្នុងការគាំទ្រដល់យុទ្ធសាស្ត្របរិស្ថាន របស់កម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ក៏ដូចជាជីវភាពរបស់សហគមន៍មូលដ្ឋាន។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia