ព័ត៌មាន
សម្ដេចធិបតី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុ សំអាន ទៅនឹងការអញ្ជើញ និងដាក់ចេញលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះបានបញ្ចេញសារជាថ្មី ស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្ដេច និងបានដាក់ចេញលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ។

សម្ដេចធិបតីបានសរសេរថា សូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ។
សម្ដេចធិបតីបានបង្ហាញថា ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវាយបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសានិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ (ឬធ្វើ) កិច្ចការនយោបាយ ។ល។
សម្ដេចធិបតីបានបញ្ជាក់ថា៖«ជំហររបស់ខ្ញុំគឺច្បាស់លាស់ និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាល និងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ»។
សម្ដេចធិបតីបានបន្តថា ហេតុដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ៖
១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោក និងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវរៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន, ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បីមកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់។
២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព (មិនថាសម្ងាត់ ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយឱ្យខ្លី គឺកុំធ្វើជាត្រីងៀតឆ្លៀតពង។
៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។
៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់។
ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។
បើតាមសម្ដេចធិបតី ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់៖
១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា ២.តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឱ្យលោក និងក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំឱ្យបានសមរម្យ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣