ព័ត៌មាន
ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដល់គ្រឹះស្ថាន TVET
វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយកម្មវិធី ភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២០-២២ ខែតុលា) ស្តីពី «ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសិក្ខាកាមចំនួន ២៥នាក់ មកពីគ្រឹះស្ថាន TVET ចំនួន១១។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបំពាក់បំប៉នចំណេះដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន TVET ក្នុងការបញ្ជ្រាបវប្បធម៌សុវត្ថិភាពទៅក្នុងកម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស ព្រមទាំងគាំទ្រដល់ការរៀបចំផែនការសកម្មភាព និងការត្រួតពិនិត្យបរិយាកាសសិក្សាឱ្យមានសុវត្ថិភាព និងអនាម័យខ្ពស់មុនពេលពួកគាត់ឈានជើងចូលក្នុងទីផ្សារការងារ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម លឹម ស៊ុយហុង បានលើកឡើងពីភាពចាំបាច់នៃការអប់រំសុវត្ថិភាព និងសុខភាពការងារ ដោយសារតែសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី សារធាតុគីមី និងឧបករណ៍សំណង់ជាដើម។ ឯកឧត្តមគូសបញ្ជាក់ថា ប្រសិនបើគ្មានការបំពាក់បំប៉នវិធានការការពារទុកជាមុននោះទេ ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ទាំងក្នុងពេលសិក្សា និងពេលចេញទៅបំពេញការងារ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការវិនិយោគលើចំណេះដឹងផ្នែកសុវត្ថិភាព គឺជាការវិនិយោគយូរអង្វែងលើធនធានមនុស្ស ដែលជួយបង្កើនផលិតភាព កាត់បន្ថយការខាតបង់ និងបង្កើតទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់និយោជក។
ជាមួយគ្នានេះ លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានលើកឡើងថា គ្រូបង្រៀន និងថ្នាក់ដឹកនាំគ្រឹះស្ថានដែលបានចូលរួម គឺជាតួអង្គស្នូលក្នុងការនាំយកផែនការសកម្មភាពទាំងនោះទៅអនុវត្តបន្ត។ លោកបានក៏បានរំលឹកពីទស្សនៈគន្លឹះថា «សុវត្ថិភាព គឺជាផ្នែកមួយនៃជំនាញវិជ្ជាជីវៈ» ដោយលោកបានគូសបញ្ជាក់ថា អ្នកជំនាញពិតប្រាកដមិនត្រឹមតែធ្វើការបានលឿន ឬត្រូវបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចេះធ្វើការដោយមានសុវត្ថិភាពទាំងសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួនផងដែរ។
ការបណ្តុះបណ្តាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំមួយបន្ថែមទៀត ក្នុងការជំរុញគុណភាពបណ្តុះបណ្តាលបច្ចេកទេស ដើម្បីធានាថា ធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំងពលកម្មដែលមានទាំងជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣