Connect with us

ព័ត៌មាន

មន្ទីរពេទ្យបង្អែកចំនួន៣ ឈ្នះជ័យលាភីគម្រោងនវានុវត្តន៍កែលម្អសេវាជួរមុខ និង​ទទួល​បាន​ថវិកា​គាំទ្រពី គ.វ.ជ

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ.) បាន​សម្រេច​ជ្រើស​រើស និងប្រគល់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់​កែ​លម្អផ្នែកផ្តល់សេវាជួរមុខ របស់​មន្ទីរ​ពេទ្យ​បង្អែក​ផ្តល់​សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2)។

ផ្អែកលើលទ្ធផលវាយតម្លៃរបស់គណៈកម្មការកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ មន្ទីរ​ពេទ្យ​បង្អែក​ចំនួន​៣ ព្រមទាំងបេក្ខជនជាគ្រូពេទ្យឆ្នើម បានឈ្នះជ័យលាភីរួមមាន៖ (១)លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ (មន្ទីរពេទ្យបង្អែកខេត្តកោះកុង) ៖ គម្រោង «ការរៀប​ចំ​សេវា​ជួរ​មុខ​ប្រកប​ដោយ​គុណ​ភាព និង​ប្រសិទ្ធភាព», (២)លោកវេជ្ជបណ្ឌិត នួន សុផាត (មន្ទីរពេទ្យបង្អែកព្រៃកប្បាស) ៖ គម្រោង «ការកែលម្អការគ្រប់គ្រងនិងការផ្តល់សេវានៃផ្នែកជួរមុខ» និង (៣)លោកវេជ្ជបណ្ឌិត ឈុន វិដា (មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ) ៖ គម្រោង «ការកែលម្អសេវាជួរមុខ»។

«គម្រោង​នវានុវត្តន៍កែលម្អការផ្តល់សេវាជួរមុខ» គឺជាការដាក់ឱ្យអនុវត្តនូវគំនិតច្នៃប្រឌិត ឬ​បច្ចេក​វិទ្យា​ថ្មីៗ​ នៅចំណុចដំបូងដែលប្រជាពលរដ្ឋមកប្រកៀកផ្ទាល់ជាមួយអង្គភាព ក្នុង​គោល​បំណង​កាត់​បន្ថយ​ពេលវេលារង់ចាំ បង្កើនតម្លាភាព និងលើកកម្ពស់ការពេញចិត្តរបស់ពលរដ្ឋ។ ក្នុង​បរិបទ​សុខាភិបាល គម្រោងទាំងនេះផ្តោតលើការរៀបចំប្រព័ន្ធគ្រប់គ្រងជួររង់ចាំឆ្លាតវៃ បញ្ជរ​ព័ត៌មាន​តែ​មួយ​ច្រក​ និងការទូទាត់ប្រាក់បែបឌីជីថល ដើម្បីសម្រាលភាពតានតឹង និងផ្តល់ភាព​ងាយ​ស្រួល​បំផុត​ជូន​អ្នកជំងឺ។

បន្ទាប់ពីទទួលជ័យលាភីនេះ ម្ចាស់ជ័យលាភី និងគណៈគ្រប់គ្រងមន្ទីរពេទ្យ ត្រូវទទួលបន្ទុក​អនុវត្ត​គម្រោង​ឱ្យ​មានប្រសិទ្ធភាព រួចរៀបចំរបាយការណ៍វឌ្ឍនភាពផ្ញើជូនក្រសួងមុខងារសាធារណៈ ក្នុង​រយៈ​ពេល​ ៣ខែ បន្ទាប់ពីការអនុវត្ត និងនៅពេលបញ្ចប់គម្រោង ព្រមទាំងត្រូវផ្តល់​ការ​សហការ​ក្នុង​ការ​ចែករំលែកបទពិសោធជោគជ័យនេះ ទៅកាន់អង្គភាព​ផ្តល់សេវា​សាធារ​ណៈ​ផ្សេង​ៗ​ទៀត​ទូទាំង​ប្រទេស​ផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia