Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី៖ ជំរឿនមិនមែនជាការស្វែងរកកំហុស ឬ​សើ​រើ​ឯកសារ​ចាស់​ៗ​ដើម្បី​មាន​ចំណាត់​ការ​ដាក់​ពិន័យ ឬទណ្ឌកម្មណាមួយឡើយ

កំពត៖ ជំរឿនមិនមែនជាការស្វែងរកកំហុស ជាការរើសអើង ឬជាការសើរើឯកសារចាស់ៗ ដើម្បី​មាន​ចំណាត់​ការដាក់ពិន័យ ឬទណ្ឌកម្មណាមួយឡើយ តែជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី ដោយ​ពិនិត្យផ្ទៀងផ្ទាត់វត្តមាននៅតាមអង្គភាពនីមួយៗ ដើម្បីរៀបចំផែនការ និ​ង​សមាស​ភាព​ក្នុង​ការ​ពង្រាយ​មន្ត្រីបម្រើការងារឲ្យចំគោលដៅតាមរយៈការត្រួតពិនិត្យជាក់ស្តែង។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​ចុះ​ធ្វើ​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធ​នៃ​អង្គភាព​សុខាភិបាល​មូល​ដ្ឋានស្ថិតនៅក្នុងខេត្តភូមិភាគនិរតី កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ។

ឯកឧត្តមបានបន្តថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីពិតជាមានសារៈសំខាន់ក្នុងការកំណត់ ឲ្យបានជាក់លាក់អំពីចំនួនមន្ត្រីនៅតាមមន្ទីរអង្គភាព ពិសេសមន្ត្រីបំពេញការងារជាក់ស្តែងដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងអាចប្រើប្រាស់រួម។ ការធ្វើជំរឿនជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍមុខងារសាធារណៈ និងជាធាតុផ្សំសំខាន់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទិន្នន័យជំរឿននឹងជួយដល់រាជរដ្ឋាភិបាលក្នុងការវាយតម្លៃរួមនៅតាមក្រសួង-ស្ថាប័ន ជួយដល់ការរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាការពង្រាយមន្ត្រីដើម្បីដោះស្រាយបញ្ហា ផ្តោយលើបរិមាណ សមត្ថភាព និងគុណវុឌ្ឍ គាំទ្រដល់ការជ្រើសរើសមន្ត្រីផ្អែកលើ តម្រូវការជាក់ស្តែង ព្រមទាំងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍមូលធនសម្រាប់វិស័យសាធារណៈ ស្របតាមការណែនាំពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដោយមកដល់ពេលនេះ គណៈកម្មការបានចុះជួប និងធ្វើជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាននៃរាជធានីភ្នំពេញ និងខេត្តព្រៃវែងរួចហើយ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការធ្វើជំរឿនមិនមែនជាការស្វែងរកកំហុស ជាការរើសអើង ឬជាការសើរើឯកសារចាស់ៗដើម្បីមានចំណាត់ការ ដាក់ពិន័យជាទណ្ឌកម្មណាមួយឡើយ ប៉ុន្តែជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមាននៅតាមអង្គភាពនីមួយៗដើម្បីរៀបចំផែនការ និងសមាសភាពក្នុងការពង្រាយមន្ត្រីឲ្យបម្រើការងារបានចំគោលដៅតាមរយៈការត្រួតពិនិត្យជាក់ស្តែង។ ការធ្វើជំរឿនមន្ត្រីមិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ក្រសួងសុខភិបាល ឬរដ្ឋបាលរាជធានី-ខេត្តទេ តែជាកិច្ចការដែលត្រូវចូលរួមសហការធ្វើទាំងអស់គ្នា។ កិច្ចការងារនេះក៏មិនមែនជារឿងថ្មីដែរ ពោលគឺរាជរដ្ឋាភិបាលបានអនុវត្ត៣លើករួចមកហើយ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការធ្វើជំរឿនជាយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីជួយឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចគ្រប់គ្រងចំនួនមន្ត្រីរាជការ ពិសេសក្នុងវិស័យសុខាភិបាលបានច្បាស់លាស់ លុបបំបាត់ភាពអសកម្ម និងធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ដូច្នេះគ្រប់ការិយាល័យស្រុកប្រតិបត្តិនៅទូទាំងខេត្ត ត្រូវផ្តល់កិច្ចសហការឲ្យបានសកម្ម និងជិតស្និទ្ធជាមួយគណៈកម្មការជំរឿនដើម្បីជំរុញដល់យុទ្ធនាការនេះសម្រេចបានជោគជ័យ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia