ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ «ឧត្តមានុវត្តន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ជាគ្រឹះនៃភាពរីកចម្រើន និងចីរភាព»
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានអង្គភាពថវិកាថ្នាក់កណ្តាល សរុប ១៥០នាក់។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល ដែលកំពុង ដាក់ឱ្យអនុវត្តនាពេលនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសុខាភិបាល។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ គាំទ្រដល់ការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចំាបាច់មិនអាចខ្វះបានសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៃការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីជំរុញឱ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រែក្លាយជាប្រព័ន្ធមួយស្របតាមបទដ្ឋាន និងឧត្តមានុវត្តន៍អន្តរជាតិ ដោយផ្លាស់ប្តូរប្រព័ន្ធថវិកាដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថាការដាក់ឱ្យអនុវត្តនូវសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល នឹងក្លាយជាមគ្គុទ្ទេសក៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ និងជំរុញឱ្យក្រសួងសុខាភិបាល និងអង្គភាពក្រោមឱវាទ អនុវត្តថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាពខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់អង្គភាពថវិកាទាំងអស់ ត្រូវយកទៅអនុវត្ត ដូចខាងក្រោម៖
១) ត្រូវអនុវត្តសៀវភៅគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកពង្រឹង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឱ្យកាន់តែរឹងមាំ
២) ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការថវិកាឱ្យស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត និងទិសដៅគន្លឹះរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យសុខាភិបាល ដោយមានកំណត់នូវគោលបំណងសូចនាករគន្លឹះ និងគោលដៅសូចនាករដែលអាចវាស់វែងបានច្បាស់លាស់។
៣) ត្រូវពង្រឹងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋឱ្យបានចំទិសដៅការងារ និងត្រឹមត្រូវតាមបទដ្ឋានគតិយុត្តជាធរមាន
៤) ត្រូវរៀបចំធ្វើការបណ្តុះបណ្តាលបន្ថែមអំពីសៀវភៅគោលការណ៍ណែនាំនេះដល់អង្គភាពអនុវត្តឱ្យបានយល់ច្បាស់លាស់ អនុវត្តឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់
៥) ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល ត្រូវធ្វើការពិនិត្យនិងធ្វើបច្ចុប្បន្នភាពនៅពេលវេលាសមស្របនាពេលខាងមុខ ដើម្បីឱ្យគោលការណ៍ណែនាំនេះ អាចប្រើប្រាស់បានស្របតាមការវិវត្តនៃបទដ្ឋានគតិយុត្តថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងអស់ ក្នុងការខិតខំអនុវត្តការងារយ៉ាងសកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រ និងផ្តល់ជាគោលការណ៍សំខាន់ៗក្នុងការរៀបចំ សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល នេះឡើង។ តាមរយៈសៀវភៅគោលការណ៍នេះ អង្គភាពទាំងអស់ អនុវត្តដោយស្មារតីទទួលខុសត្រូវ និងភាពជាម្ចាស់នាំមកនូវលទ្ធផលវិជ្ជមានជាច្រើន ក៏ដូចជារួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល រហូតសម្រេចបានសមិទ្ធផលសំខាន់ៗដូចពេលនេះ៕
អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣