Connect with us

ព័ត៌មាន

អាជ្ញាធរខេត្តក្រចេះ ប្តេជ្ញាចិត្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចុះបង្ក្រាបនិងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងអាជីវកម្មរ៉ែខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ

ខេត្តក្រចេះ៖ ក្រុមការងារចម្រុះខេត្តក្រចេះ បាននិងកំពុងបន្តយុទ្ធនាការចុះពង្រឹងច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពរករ៉ែអនាធិបតេយ្យ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តក្រចេះ សំដៅការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

សកម្មភាពចុះពង្រឹងច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍អំពីសកម្មភាពរករ៉ែខុសច្បាប់នៅចំណុចមួយចំនួន ដូចជា ចំណុចបែកចាន សោមដេប៉ូ និងថ្មពួយជាប់ភ្នំជី ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះនាបេលកន្លងទៅ។ កន្លងមក ក្រុមការងារចម្រុះ ដែលរួមមាន មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ មន្រ្តីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្ត បានសហការយ៉ាងជិតស្និទ្ធ ជាមួយលោកអភិបាលស្រុកសំបូរ រដ្ឋបាលឃុំកំពង់ចាម និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចាម ចុះល្បាតដើម្បីពិនិត្យ ទប់ស្កាត់ និងបង្រ្កាបករណីរ៉ែខុសច្បាប់ ជាបន្តបន្ទាប់ និងបានកំណត់មុខសញ្ញា អ្នកធ្វើអាជីវកម្មរ៉ែខុសច្បាប់បានមួយចំនួនរួចហើយ នៅដើមខែកក្កដា ឆ្នាំ២០២៦។ ក្រុមការងារបានរឹបអូសសម្ភារ និងម៉ាស៊ីនបូមរ៉ែមាសមួយចំនួន យកមករក្សាទុកនៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារបង្ក្រាបអាជីវកម្មរ៉ែខុសច្បាប់ ជំរុញឱ្យអាជ្ញធរមូលដ្ឋានពាក់ព័ន្ធនៃរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកពាក់ព័ន្ធ (ជាពិសេសរដ្ឋបាលស្រុកសំបូរ) បានចេញសេចក្តីជូនដំណឹងជាផ្លូវការ បង្គាប់ឱ្យបញ្ឈប់រាល់សកម្មភាពរករ៉ែខុសច្បាប់ទាំងអស់ជាបន្ទាន់។

ជាក់ស្តែងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពស្រុកសំបូរ ចាប់ពីដើមខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ២០២៦ នេះ បានចុះទៅផ្សព្វផ្សាយផ្ទាល់ អំពីសេចក្តីជូនដំណឹង និងណែនាំឱ្យ បញ្ឈប់ការរករ៉ែអនាធិប្បតេយ្យ នៅចំណុចបែកចាន សោមដេប៉ូ និងចំណុចថ្មពួយ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ បានចំនួន ៣ លើករួចមកហើយ។

ទោះជាមានការណែនាំ និងផ្សព្វផ្សាយជាច្រើនលើកយ៉ាងណាក្តី មន្ទីរបរិស្ថានខេត្តក្រចេះ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយដាច់ខាតមិនលបលំហែឡើយ។ ក្រុមការងារនឹងបន្តចុះបង្ក្រាបជាបន្តបន្ទាប់ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

ទន្ទឹមនឹងនេះ មន្ទីរជំនាញកំពុងរៀបចំកសាងសំណុំរឿង និងរៀបចំពាក្យបណ្តឹងស្វែងរកការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ប្រឆាំងនឹងបុគ្គលរករ៉ែខុសច្បាប់ ដែលត្រូវបានកំណត់មុខសញ្ញារួចហើយ ស្របទៅតាមច្បាប់ជាធរមាន និង ក្រមបរិស្ថាននិងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia