Connect with us

ព័ត៌មាន

ពលរដ្ឋទទួលសេវាព្យាបាលជំងឺដោយទំនុកចិត្តខ្ពស់ និងឥតគិតប្រាក់ពីមន្ទីរពេទ្យជាតិតេជោ

ប្រជាពលរដ្ឋ ដែលទៅទទួលសេវាពិនិត្យព្យាបាលជំងឺផ្ដាសាយធំ អាការៈធ្ងន់ នៅមន្ទីរពេទ្យជាតិ តេជោ​សន្ដិភាព សម្ដែងការពេញចិត្តចំពោះសេវារបស់មន្ទីរពេទ្យ ដែលមានគុណភាព ប្រសិទ្ធ​ភាព​ខ្ពស់ និងមិនអស់ប្រាក់។

អ្នកស្រី ឃីម រស្មី ពលរដ្ឋរស់នៅស្រុក កំចាយមារ ខេត្តព្រៃវែង មានជំងឺផ្ដាសាយធំ បង្ក​ឡើង​ដោយ​វីរុស Fluenza A។ អ្នកស្រីប្រាប់ ថា ជំងឺអ្នកស្រីមានអាការៈក្ដៅខ្លួនខ្លាំង ពិបាក​ក្នុង​ខ្លួន​ដែល​មិន​អាច​ទ្រាំ​បាន​។ អ្នកស្រី ថា នៅពេលឈឺភ្លាមៗអ្នកស្រី បានទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យ ហើយ​ក្រុមគ្រូពេទ្យ បានណែនាំអ្នកស្រីឱ្យមកមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ពីព្រោះអ្នក​កំពុង​មាន​ផ្ទៃ​ពោះជិ​តគ្រប់ខែ ហើយឆ្លងជំងឺផ្ដាសាយធំ មិនអាចព្យាបាល និងសម្រាល​កូន​នៅ​មណ្ឌល​សុខ​ភាព​បាន​ឡើយ​។

អ្នកស្រី ផាន ស្រីនាង ពលរដ្ឋរស់នៅ ខេត្តកំពង់ស្ពឺ កំពុងមានផ្ទៃពោះ និងឆ្លងជំងឺផ្ដាសាយធំ បាន​ប្រាប់​ថា ​អ្នកស្រីបានឃើញការផ្សព្វផ្សាយលើបណ្ដាញសង្គម ពីការរាលដាល នៃ ជំងឺផ្ដាយធំ បង្ក​ឡើង​ដោយ​វីរុស Fluenza A/B។ ហើយអ្នកស្រីក្រោយពីមានអាការៈមិនស្រួលខ្លួន និងក្ដៅខ្លាំង បាន​ទៅ​ជួប​គ្រូពេទ្យនៅមណ្ឌលសុខភាព និងទទួលការ​ណែនាំ​ឱ្យ​មក​មន្ទីរ​ពេទ្យ​នៅ​រាជ​ធានី​ភ្នំពេញ។​ អ្នកស្រីបន្ត ថា អ្នកស្រីសម្រេចចិត្តមកកាន់មន្ទីរពេទ្យជាតិតេជោសន្ដិភាព ពី​ព្រោះ​ពេទ្យ​នេះ ​ត្រូវបានអ្នកភូមិណែនាំ ថា ជាពេទ្យល្អ មានបរិក្ខាទំនើប និងសុវត្ថិភាពខ្ពស់។ អ្នកស្រី ពេញ​ចិត្ត​ចំពោះសេវានៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព ពីព្រោះក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ មិន​រើស​អើង​ បែងចែកអ្នកជំងឺបង់ប្រាក់ និងប្រើបណ្ណសុខភាពរបស់រដ្ឋនោះឡើយ។ ជាក់ស្ដែងអ្នកស្រី ដែល​ប្រើប្រាស់បណ្ណបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) ទទួល​បាន​យក​ចិត្ត​ទុក​ដាក់​ជាប់​ជា​និច្ច​រយៈ​ពេល ៤ថ្ងៃកន្លងមកនេះ។

លោក សែម វ៉ាត ពលរដ្ឋមកពីស្រុកបាធាយ ខេត្តកំពង់ចាម ប្រាប់ថា លោកមក​កាន់​មន្ទីរ​ពេទ្យ​ជាតិ​តេជោ​សន្ដិភាព ពីព្រោះតែកេរ្ដិ៍ឈ្មោះល្អរបស់មន្ទីរពេទ្យនេះ។ លោកបានធ្លាក់ខ្លួនឈឺភ្លាមៗ ក្អក​ខ្លាំង ពិបាកដកដង្ហើម និងចុកឆ្អល់ខ្លាំងក្នុងទ្រូង។ លោកបន្ត ថា ក្រោយពី​មក​ដល់​មន្ទីរ​ពេទ្យ​គ្រូ​ពេ​ទ្យរកឃើញ ថា លោកមានជំងឺរលាកសួត បង្កឡើងដោយ វីរុស Fluenza A។ មក​ដល់​ថ្ងៃ​នេះ ​លោកប្រាប់ ថា សុខភាពរបស់លោក បានល្អប្រសើរជាងពី ពីរថ្ងៃមុនច្រើនហើយ។ សម្រាប់​រូប​លោក​ ត្រេកអរដែលប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន និងមាន​មន្ទី​រពេ​ទ្យ​ជា​តិ​ដែល​មាន​សម​ត្ថ​ភាពខ្ពស់ក្នុងការព្យាបាលជំងឺ។ លោកថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលខិតខំអភិវឌ្ឍជាតិ និងពង្រឹងវិស័យសុខាភិបាលក្នុងការព្យាបាលពលរដ្ឋ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការផ្ដល់បណ្ណសមធម៌ ដើម្បីឱ្យពលរដ្ឋក្រីក្រដូចរូបលោក អាចពិនិត្យព្យាបាលជំងឺដោយមិនអស់ប្រាក់។

វេជ្ជបណ្ឌិត ឆន សុធារី វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវដង្ហើម និងសួត និងជានាយិការង នៃមន្ទីរ​ពេទ្យ​ជាតិ ​តេជោសន្តិភាព មានប្រសាសន៍ ថា មន្ទីរពេទ្យជាតិតេជោ មានសេវាច្រើន​ប្រភេទ​ផ្ដល់​ជូន​ពលរដ្ឋ ទាំងបង់ប្រាក់ និងការប្រើប្រាស់បណ្ណថែទាំសុខភាពរបស់រដ្ឋ។ ហើយ​ចំពោះ​ជំងឺ​ផ្ដាសាយ​ធំ ​បង្កឡើងដោយវីរុស Fluenza A/B ដែលបច្ចុប្បន្ននេះមានចំនួនកើនឡើង។ ប៉ុន្ដែ​មន្ទី​រពេទ្យ​មាន​សមត្ថ​ភាព​គ្រប់គ្រាន់ក្នុងការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ។ សម្រាប់ជំងឺ​ផ្ដាសា​យ​ធំ​នេះ​ធ្ងន់​ជាង​ជំងឺ​ផ្ដា​សាយទូទៅបន្តិច ដោយវាបង្កឱ្យអ្នកជំងឺ មានអាការៈក្អក ក្ដៅខ្លួនសន្ធំ អស់កម្លាំងខ្លាំង ឈឺ​សាច់​ដុំ​ខ្លាំង និងឈឺកខ្លាំង។ សម្រាប់ផ្ដាសាយធំ ត្រូវបានបែងចែកជាកម្រិតស្រាល កម្រិត​ធ្ងន់​បង្គួរ​ និងវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ។

វេជ្ជបណ្ឌិតជំនាញ បញ្ជាក់ ថា អ្វីដែលក្រុមគ្រូពេទ្យបារម្ភ គឺក្រុម​មនុស្ស​ដែល​ងាយ​រង​ហានិភ័យ​ទៅ​លើ​ជំងឺ​ផ្ដាសាយ​ធំ​នេះ ​គឺក្រុមកុមារតូចៗ ក្រោម ៦ឆ្នាំ ក្រោម ២ឆ្នាំ ស្រ្ដីមានផ្ទៃពោះ ជនចាស់ជរា អ្នក​មាន​ជំងឺ​ប្រចាំកាយ និងអ្នកធាត់លើសគីឡូ។ ហើយជំងឺផ្ដាសាយធំនេះ ក៏អាចនឹងវិវត្តន៍ទៅបង្ក​ជា​រលាក់​សួត ​ធ្ងន់លើក្រុមងាយរងហានិភ័យផងដែរ។ វេជ្ជបណ្ឌិត ណែនាំដល់ពលរដ្ឋ នៅ​ពេល​មាន​អាការៈ​មិនស្រួលខ្លួន គិតថា ជាជំងឺផ្ដាសាយ គួរនៅដាច់ដោយឡែក តាមដានការវិវត្តន៍នៃជំងឺ ប៉ុន្ដែ​សម្រាប់ក្រុមងាយរងហានិភ័យ ត្រូវតែមកដល់មន្ទីរពេទ្យជួបប្រឹក្សាជាមួយគ្រូពេទ្យភ្លាមៗ ដោយ​ត្រូវ​រង់ចាំតាមដានរោគសញ្ញានៅផ្ទះឡើយ ពីព្រោះការលេបថ្នាំព្យាបាលលឿនមុន ៤៨ម៉ោង គឺ​មាន​ប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល។

វេជ្ជបណ្ឌិតរូបនេះ រំលឹកដល់ពលរដ្ឋ ពិសេសក្រុមមនុស្ស ប្រឈមគ្រោះថ្នាក់ខ្លាំង គឺចាស់ជរា ស្រ្ដី​មាន​​ផ្ទៃ​ពោះ និងកុមារ ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់ នៅពេលមានអាការៈក្ដៅខ្លាំង បបូរមាត់ស្វាយខ្លាំង ពិបាកដកដង្ហើម ក្អក ដង្ហក់ អស់កម្លាំងខ្លាំង សន្លឹម និងចុកក្នុងទ្រូង។

វេជ្ជ​បណ្ឌិតជំនាញ អំពាវនាវដល់ពលរដ្ឋ យកចិត្តទុកដាក់ ថែរក្សាសុខភាពឱ្យបានល្អ ពិសេ​ស​អំឡុង​ពេល​ដែ​លជំងឺផ្ដាសាយធំ ហាក់រាលដាលនាពេលនេះ ដោយត្រូវប្រកាន់ខ្ជាប់វិធានអនាម័យ ពាក់​ម៉ាស់ លាងដៃជាមួយសាប៊ូ និងការរស់នៅស្អាត។ ហើយសម្រាប់មន្ទីរពេទ្យជាតិ តេជោ​សន្តិភាព​ ធានាបានការផ្ដល់សេវាប្រកបដោយគុណភាពខ្ពស់ ជូនប្រជាពលរដ្ឋ ស្របតាម​គោល​នយោបាយ​របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងការផ្ដល់សេវាព្យាបាល​សុខភាព​ជូន​ពលរដ្ឋ ដោយគុណភាព សុវត្ថិភាព សមធម៌ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូ​វ​ការរបស់អ្នកជំងឺគ្រប់កម្រិត ដោយមិនគិតកម្រៃ សម្រាប់ពលរដ្ឋមានបណ្ណសមធម៌ និង​បណ្ណ​បេឡា​ជាតិ​សន្តិសុខសង្គម ប.ស.ស៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia