Connect with us

ព័ត៌មាន

ក្រសួងការងារបន្តជំរុញបណ្តុះបណ្តាលជំនាញទន់ ខណៈការងារជាច្រើនកន្លែងកំពុងស្វែងរកបុគ្គលិក

ឱកាសការងារ និងកម្មសិក្សាការងារសរុបចំនួនជិត ៩០០កន្លែង ត្រូវបាននាំយកមកផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារធ្វើដោយផ្ទាល់ នៅក្នុងវេទិកាការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: និងក្រុមហ៊ុនធំៗ ចំនួន១០។

នៅក្នុងបរិវេណក្រសួងការងារ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ទិដ្ឋភាពទូទៅមានភាពអ៊ូអរយ៉ាងខ្លាំង ដោយមានយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារជាច្រើន បានកាន់ប្រវត្តិរូបសង្ខេប (CV) មកជួបសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុននានា។ តាមការបញ្ជាក់ពីតំណាងផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនដែលបានចូលរួម បានឱ្យដឹងថា ក្រៅពីចំណេះដឹងឯកទេស ឬជំនាញរឹង អ្វីដែលក្រុមហ៊ុនចង់បានបំផុតពីបុគ្គលិកសម័យថ្មី គឺជំនាញទន់ ដូចជា ភាពបត់បែន អាកប្បកិរិយាការងារ ការធ្វើការងារក្រុម និងការប្រាស្រ័យទាក់ទងល្អ។

ស្របពេលជាមួយគ្នានេះដែរ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រសួងការងារបានមើលឃើញយ៉ាងច្បាស់ពីចន្លោះប្រហោងនៃជំនាញទន់នេះ នៅក្នុងទីផ្សារការងារកម្ពុជា។ ការមានជំនាញបច្ចេកទេសតែមួយមុខ មិនទាន់គ្រប់គ្រាន់សម្រាប់ធានាប្រសិទ្ធភាពការងារឡើយ។ ហេតុនេះ ក្រសួងនឹងបន្តរុញច្រាន និងពង្រីកវគ្គបណ្តុះបណ្តាលជំនាញទន់ឱ្យកាន់តែខ្លាំង ដើម្បីជួយជំរុញឱ្យការបំពេញការងាររបស់យុវជនកាន់តែមានផលិតភាពខ្ពស់ និងឆ្លើយតបនឹងការចង់បានរបស់វិស័យឯកជន។

លោកបានបន្ថែមថា ក្រសួងការងារមិនត្រឹមតែបង្កើតស្ពានចម្លងតាមរយៈវេទិកាការងារនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានយន្តការគាំទ្រជាបន្តបន្ទាប់ តាមរយៈការផ្តល់វគ្គតម្រង់ទិសអាជីព និងវគ្គបណ្តុះបណ្តាលខ្លីៗស្តីពីជំនាញទន់ ជូនដល់យុវជន ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីបង្កើនទំនុកចិត្ត និងអត្រាជោគជ័យនៅពេលចូលសម្ភាសន៍ការងារ។

វេទិកាការងារ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន សហគ្រាស និងសម្រេចផែនការរបស់ភាគីនិយោជក។ សូមបញ្ជាក់ទៀតថា ក្រៅពីវេទិការងារ និងសម្ភាសការងារ កម្មករនិយោជិត យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលមិនបានចូលរួមក្នុងវេទិកាការងារ ក៏អាចមកចុះឈ្មោះស្វែងរកការងារជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយទីភ្នាក់ងារជាតិ និងមុខរបរការងារ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia