ព័ត៌មាន
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជំរុញឱ្យបង្កើនបេក្ខភាពស្ត្រីក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខណៈស្ត្រីដែលមានឈ្មោះ ក្នុងលំដាប់លេខរៀងទី១មានត្រឹមតែ១២%
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានជំរុញ ឱ្យបង្កើនបេក្ខភាពស្ត្រីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧នាពេលខាងមុខ ដោយសារចំនួនបេក្ខភាពស្ត្រីនៅមានកម្រិត។
លោកជំទាវប្រធានគណៈកម្មការទី៨ បានលើកឡើងដូច្នេះនៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការពន្លឿនអភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន តាមរយៈការបង្កើនបេក្ខភាពស្ត្រីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ដែលរៀបចំឡើងដោយក្រុមស្ត្រីដើម្បីទាំងអស់គ្នា(W4ALL)ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ ក្រសួងស្ថាប័នពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិលកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់ថា «អភិបាលកិច្ចមូលដ្ឋានគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឃុំ សង្កាត់ ជារដ្ឋបាលដែលនៅជិតស្និទ្ធបំផុតជាមួយប្រជាពលរដ្ឋ ដូច្នេះការចូលរួមរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំមូលដ្ឋាន មានសារៈសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការ និងបញ្ហាប្រឈមជាក់ស្តែងរបស់សហគមន៍ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។
លោកជំទាវ បានបន្តលើកឡើងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បេក្ខភាពស្ត្រីមានចំនួន ៣២,៣% ប៉ុន្តែស្ត្រីដែលមានឈ្មោះក្នុងលំដាប់លេខរៀងទី១ មានត្រឹមតែ ១២% ប៉ុណ្ណោះ។ បច្ចុប្បន្ន ស្ត្រីមានចំនួន ២២% ក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមានត្រឹម ១២,៦% ជាមេឃុំ ចៅសង្កាត់។ តួលេខនេះបង្ហាញថា ការចូលរួមរបស់ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅមូលដ្ឋាននៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងគោលដៅសមភាពតំណាងស្ត្រីយ៉ាងតិច ៥០% ដែលមានចែងក្នុងអនុសាសន៍ទូទៅលេខ៤០ របស់គណៈកម្មាធិការ CEDAW។
ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំមូលដ្ឋាន លោកជំទាវបានផ្តល់អនុសាសន៍សំខាន់ៗចំនួន៣ រួមមាន៖១. ចំពោះគណបក្សនយោបាយ៖ ត្រូវបង្កើនឱកាសនិងផ្តល់ការគាំទ្រដល់បេក្ខភាពស្ត្រី ព្រមទាំងបង្កើត ឱកាសឱ្យស្ត្រីដែលមានសមត្ថភាពទទួលបានការបណ្តុះបណ្តាល ការណែនាំ និងបទពិសោធក្នុងកិច្ចការសាធារណៈ។ ជាពិសេស ត្រូវលើកទឹកចិត្តឱ្យដាក់បេក្ខភាពស្ត្រីក្នុងលំដាប់លេខរៀងដែលមានឱកាសទទួលបានការបោះឆ្នោតគាំទ្រ។
២. ចំពោះស្ត្រីខ្លួនឯង៖ ត្រូវបន្តពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពជាអ្នកដឹកនាំ ទាំងជំនាញបច្ចេកទេស និងជំនាញទន់ ដូចជា ការនិយាយជាសាធារណៈ ការចរចា ការសម្របសម្រួល ការដោះស្រាយជម្លោះ និងការសម្រេចចិត្តដោយផ្អែកលើភស្តុតាង។
៣. ចំពោះគ្រួសារ និងសហគមន៍៖ ត្រូវចូលរួមគាំទ្រ និងលើកទឹកចិត្តស្ត្រីឱ្យហ៊ានចូលរួមក្នុងកិច្ចការសាធារណៈ ដោយបុរសត្រូវដើរតួនាទីជាដៃគូក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងចែករំលែកបន្ទុកការងារក្នុងគ្រួសារ។ ជាមួយគ្នានេះ សហគមន៍ត្រូវវាយតម្លៃបេក្ខភាពស្ត្រីដោយផ្អែកលើសមត្ថភាព ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ។
លោកជំទាវបានសង្កត់ធ្ងន់ថា ការបង្កើនការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ មិនមែនជាភារកិច្ចរបស់ស្ត្រីតែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវការការប្តេជ្ញាចិត្ត និងកិច្ចសហការពីគ្រប់ភាគី រួមមាន ស្ថាប័នរដ្ឋ គណបក្សនយោបាយ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហគមន៍ និងក្រុមគ្រួសារ។
ជាមួយគ្នានេះ លោកជំទាវបានរំលឹកប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា៖ «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។
ជាទីបញ្ចប់ លោកជំទាវ ឡោក ខេង សង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់នូវធាតុចូល និងអនុសាសន៍មានតម្លៃ ដើម្បីបង្កើតផែនការសកម្មភាពជាក់ស្តែង ក្នុងការពង្រឹងសមត្ថភាព និងជំរុញឱ្យស្ត្រីកម្ពុជាកាន់តែច្រើនចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ប្រកបដោយទំនុកចិត្ត និងជោគជ័យ ព្រមទាំងរួមចំណែកលើកកម្ពស់អភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ននិងសមភាពយេនឌ័រ ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន