ព័ត៌មាន
អាជ្ញាធរជាតិព្រះវិហារនឹងពន្លឿនការទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២ ឲ្យរួចរាល់នៅចុងឆ្នាំនេះ
អាជ្ញាធរជាតិព្រះវិហារនឹងពន្លឿនការអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រា សាទព្រះវិហារ ដំណាក់កាលទី២ ឲ្យរួចរាល់នៅចុងឆ្នាំ២០២៦ ដើម្បីបង្ការហានិភ័យផ្សេងៗ។

ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ឥលូវនេះក្រុមការងារអាជ្ញាធរជាតិព្រះវិហារកំពុងធ្វើការទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់ទី២ ដោយខិតខំប្រឹងប្រែងធ្វើការងារនេះ ឲ្យរួចរាល់នៅអំឡុងខែវិច្ឆិកា ឬយ៉ាងយូរនៅក្នុងខែធ្នូ ឆ្នាំ២០២៦ ដើម្បីបង្ការកុំឲ្យមានភាពចៃដន្យណាមួយដែលបណ្តាលឱ្យបាក់បែកប្រាសាទព្រះវិហារបន្តទៀត។ បន្ទាប់ពីការងារសង្គ្រោះបន្ទាន់រួចរាល់ អាជ្ញាធរជាតិព្រះវិហារនឹងធ្វើការសិក្សាវាយតម្លៃពីផលប៉ះពាល់ និងរបៀបជួសជុលប្រាសាទព្រះវិហារឡើងវិញក្នុងកម្រិតណាមួយ ដើម្បីរក្សាតម្លៃនៃភាពលេចធ្លោជាសកលរបស់ប្រាសាទព្រះវិហារ។

ការអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់ទី២ ចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលចំនួន២៩ទីតាំងក្នុងនោះរួមមាន៖ គោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង, គោបុរៈទី៣ ចំនួន៥ទីតាំង, គោបុរៈទី៤ ចំនួន១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។ រីឯដំណាក់កាលទី១ បានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ រួចរាល់ចំនួន២៣ទីតាំង ដោយចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។
គួរបញ្ជាក់ដែរថា គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ មានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្រ្ត ដើម្បីធានាថា ប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត៕ អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន