Connect with us

ព័ត៌មាន

ពលរដ្ឋរួសរាន់ទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បី​ប្រើប្រាស់​សិទ្ធិ​សម្រេច​ជោគវាសនា​ជាតិ

ពលរដ្ឋបានបន្តរួសរាន់ទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ដើម្បី​ប្រើសិ​ទ្ធិ​ចូលរួ​ម​បោះឆ្នោតនៅពេលខាងមុខ បំពេញកាតព្វកិច្ចជាពលរដ្ឋ ជាអ្នកសម្រេចវាសនាជាតិ។

នៅ​ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាមណ្ឌលចុះឈ្មោះបោះឆ្នោត សាលា​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ ក្រុមការងារមន្ត្រី នៃគណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់សង្កាត់ បានបន្តយកចិត្តទុកដាក់ជាមួយការបម្រើនីតិវិធី និងផ្តល់ការធ្វើបច្ចុប្បន្នភាព ជូន​ពលរដ្ឋ​ដែលមា​នឈ្មោះស្រាប់ក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការចុះឈ្មោះ​ថ្មី​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់អាយុ១៨ឆ្នាំ ដើម្បីត្រៀមខ្លួន សម្រាប់ការចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ខាងមុខ ។

លោក ទូច សំអ៊ុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា ក្រុមមន្ត្រី បានប្រចាំការជាប្រចាំថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះជូនពលរដ្ឋ ប៉ុន្តែតាមការកត់សម្គាល់ គឺភាគច្រើនពលរដ្ឋ នាំគ្នាអញ្ចើញសម្រុកមកធ្វើនៅចុងសប្តាហ៍ ពោលនៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្រ ដែលជាថ្ងៃដែលពួកគាត់ឈប់សម្រាកពីការងារ ។

លោកចៅសង្កាត់ បានបន្ថែមថា សង្កាត់នេះបានធ្វើការផ្សព្វផ្សាយទៅកាន់មេភូមិទាំង៩ក្នុងមូលដ្ឋាន ដើម្បីបញ្ជ្រាបព័ត៌មានឲ្យកាន់តែទូលំទូលាយដល់ពលរដ្ឋ ក៏ដូចជាការចេញលិខិតអញ្ចើញ ដែលជាលិខិតជំរឿនឲ្យពលរដ្ឋរួសរាន់ទៅធ្វើជីវមាត្រ ខណៈសង្កាត់ស្ទឹងមានជ័យទី២ ជាសង្កាត់មួយចំណោមសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ដែលមានអ្នកធ្វើជីវមាត្ររហូតដល់ជាង២ម៉ឺននាក់ឯណោះ។

លោកចៅសង្កាត់បញ្ជាក់ជូនបន្ថែមថា ៖ ការធ្វើជីវមាត្រ គឺសំដៅដល់ការធ្វើបច្ចុប្បន្នភាពទន្និន័យបញ្ជីឈ្មោះឡើងវិញជាថ្មី លើទន្និន័យចាស់ដែលមានស្រាប់ ដោយចាំបាច់ត្រូវថតរូបឡើងវិញថ្មី និងផ្តិតមេដៃឡើងវិញជាដើម ព្រោះរយៈពេល១០ឆ្នាំកន្លងផុតទៅ ពលរដ្ឋអាចមានការផ្លាស់ប្តូររូបរាង ពណ៌សម្បុរ ឬក្រយ៉ៅដៃ ក៏ដូចជាការផ្លាស់ប្តូរអត្តសញ្ញាណបណ្ណថ្មីជាដើមដើម .ល. ។

ពលរដ្ឋទាំងអ្នកគ្រប់អាយុ និងអ្នកត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះថ្មី បានស្វះស្វែងទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ត្រៀមលក្ខណៈពេញលេញសម្រាប់ការចូលរួមបោះឆ្នោតនៅពេលខាងមុខ ព្រោះនេះគឺជាកាតព្វកិច្ចសម្រាប់ពលរដ្ឋម្នាក់ៗ ដែលត្រូវតែបំពេញ សម្រាប់ប្រទេសជាតិ ។

ពួកគាត់ថ្លែងអំណរគុណ ក្រុមមន្ត្រីដែលបានយកចិត្តទុកដាក់ បំពេញនីតិវិធីជូនពួកគាត់ បានលឿនរហ័ស ពុំចំណាយពេលវេលាច្រើន សម្រាប់ការចុះឈ្មោះ និងការធ្វើជីវមាត្រជាដើម ។

គួរបញ្ជាក់ថា ៖ ការធ្វើបច្ចុប្បន្នភាពទិន្នន័យបញ្ជីឈ្មោះបោះឆ្នោត ( ជីវមាត្រ ) គឺតម្រូវឲ្យមានការថតរូប និងផ្តិតមេដៃ ចំពោះពលរដ្ឋទាំងឡាយណាដែលបានចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតពីមុនមក ដោយគ្រាន់តែភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណតែមួយសន្លឹកប៉ុណ្ណោះ ។ ដោយឡែក សម្រាប់អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ហើយត្រូវចុះឈ្មោះថ្មី គឺតម្រូវឲ្យភ្ជាប់ឯកសារគោល រួមមាន ៖ អត្តសញ្ញាណបណ្ណ , សំបុត្របញ្ជាក់កំណើត , សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia