ព័ត៌មាន
ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា និងអង្គការ EBC រៀបចំអភិវឌ្ឍ ផលិត និងផ្សព្វផ្សាយមាតិកាសង្ឃសព្ទឲ្យត្រឹមត្រូវតាមក្បួន
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា និងអង្គការផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ក្នុងកិច្ចសហប្រតិបត្តិការរៀបចំអភិវឌ្ឍ ផលិត និងផ្សព្វ ផ្សាយមាតិកាសម្រាប់ “សង្ឃសព្ទ” ឲ្យបានត្រឹមត្រូវតាមក្បួន ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។
នៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្ដេចព្រះមហាសង្ឃ បួរ គ្រី មានព្រះបន្ទួលថា ការសហការបង្កើតកម្មវិធីនេះឡើង គឺដើម្បីអភិរក្ស លើកស្ទួយ និងការពារនូវ “សង្ឃសព្ទ” ដែលជាមរតកភាសាសាសនា វប្បធម៌ និងអក្សរសាស្ត្រជាតិដ៏ថ្លៃថ្លា ព្រមទាំងជាប្រភពនៃគតិបណ្ឌិត និងជាប្រយោជន៍ដ៏ជ្រាលជ្រៅ ក្នុងការអប់រំផ្នែកព្រះពុទ្ធសាសនា ។
សម្ដេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលបន្តថា ការថែរក្សា និងផ្សព្វផ្សាយសង្ឃសព្ទ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាការតភ្ជាប់រវាងបុរាណ និងសម័យ ដើម្បីរំលេចនូវតម្លៃព្រះធម៌ សីលធម៌ អក្សរសាស្ត្រ សាសនា ឲ្យស្ថិតស្ថេរចីរកាល និងរីកចម្រើនដុះដាលយ៉ាងរឹងមាំ ក្នុងចិត្តគំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្មារតីរបស់កុលបុត្រកុលធីតា និងយុវជនជំនាន់ក្រោយ ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពី ការបង្កើត និងប្រតិបត្តិការផ្លែតហ្វមអប់រំ ដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងផ្សព្វ ផ្សាយ មានប្រសាសន៍ថា ការបង្កើតកម្មវិធីនេះឡើយ ដើម្បីបានជួយបន្ថែម ក្នុងការពង្រឹងការប្រើប្រាស់សង្ឃសព្ទ ឲ្យស្របតាមក្បួន និងវេយ្យករណ៍ខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យចេះប្រើបានត្រឹមត្រូវ ខណៈការប្រើប្រាស់សង្ឃសព្ទ មួយចំនួននៅពុំទាន់បានត្រឹមត្រូវ ជាក់ស្ដែងនៅឡើងបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ។
ឯកឧត្តមបន្តថា កម្មវិធីនេះ នឹងមានការបង្កើតនូវមាតិកាវីដេអូអប់រំ ពីការប្រើប្រាស់សង្ឃសព្ទ ជាមួយនឹងការបង្រៀនតាមអនឡាញ ហើយមួយទៀត កម្មវិធីនេះក៏នឹងជំនួយ ឬជាប្រភពមួយដល់បញ្ញាសិប្បនិម្មិត (AI) ដើម្បីឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យាមួយនេះ អាចយកទៅរៀនសូត្រ ឬធ្វើអ្វីមួយ ត្រឹមត្រូវតាមក្បួនខ្នាត ។
ឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា បានថ្លែងថា កិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតនូវកម្មវិធីនេះ គឺបន្ថែមពីលើអ្វី ដែលសាកលវិទ្យាលបាននិងកំពុងធ្វើ ដែលក្នុងនោះមានកម្មវិធីព័ត៌មានប្រចាំសប្ដាហ៍ ដែលត្រូវផលិត និងផ្សព្វផ្សាយមានចំនួន ៣ភាសា (ខ្មែរ អង់គ្លេស និងចិន), កម្មវិធីអន្តរជាតិ គឺវេទិកាពិភាក្សាប្រចាំសប្ដាហ៍, កម្មវិធី ចក្ខុវិស័យសាកលវិទ្យាល័យសីហមុនីរាជា, កម្មវិធីស្ត្រីក្នុងសម័យនវានុវត្តន៍, កម្មវិធីទស្សាវដ្ដីអេឡិចត្រូនិក និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថលពហុឆានែល ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន