ព័ត៌មាន
ក្រសួងបរិស្ថានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០»
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ដើម្បីសម្រេចបាននូវគោលដៅខាងលើ ផែនការយុទ្ធសាស្ត្រនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន ៣ យ៉ាងច្បាស់លាស់ រួមមាន ទី១ការពង្រឹងសិទ្ធិអំណាច និងការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិតក្នុងវិស័យបរិស្ថាន ទី២ ការពង្រឹងសមត្ថភាព ឆ្លើយតបនឹងយេនឌ័រ ក្នុងកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ និងទី៣ ពង្រឹងគណនេយ្យភាពយេនឌ័រ ការសម្របសម្រួល និងការសហការពីភាគីពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការបញ្ជ្រាបយេនឌ័រ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានភាពប្រទាក់ក្រឡាយ៉ាងស្អិតរមួតជាមួយនឹង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» និងគោលនយោបាយជាតិ នៃការគ្រប់គ្រងបរិស្ថាន ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតងនៅកម្ពុជា។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជំរុញភាពស្អាត តាមរយៈយុទ្ធនាការនានា រួមមានយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានជំរុញការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យុទ្ធនាការ«ពន្លកបៃតង» បានជំរុញការចូលរួមដាំដើមឈើរាប់លានដើម ដើម្បីបង្កើនគម្របបៃតង និងការលើកកម្ពស់ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សកម្មភាពអាទិភាពទាំងនេះ សុទ្ធសឹងតែផ្តល់ផលប្រយោជន៍ ជាពិសេសដល់ស្ត្រី និងកុមារ ក្នុងការធានាឱ្យពួកគាត់បានរស់នៅក្នុងបរិស្ថាន ដែលមានភាពស្អាត មានសុខភាពល្អ និងមានការរស់នៅប្រកបដោយចីរភាព។
សូមបញ្ចាក់ថា ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០ គឺជាសមិទ្ធផលលើកទី៤ ហើយ គិតចាប់តាំងពីឆ្នាំ២០១០ មក។ ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជំនាន់ទី៤ នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់ក្រសួងបរិស្ថានក្នុងការលើកកម្ពស់ សមធម៌យេនឌ័រ និងជាជំហានដ៏សំខាន់ក្នុងការបំប្លែង គោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែង នៅគ្រប់កម្រិតចាប់ពីថ្នាក់ជាតិ រហូតដល់សហគមន៍មូលដ្ឋានដើម្បីកសាងសង្គមកម្ពុជា ឱ្យកាន់តែមានស្អាត ភាពបៃតង និងចីរភាព៕















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន