ព័ត៌មាន
វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប, លោកស្រីប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថាន BKI ក្នុងការលើកកម្ពស់ជំនាញ និងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាង BKI និងកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា វិទ្យាស្ថាន BKI នឹងបន្តគាំទ្រ និងខិតខំប្រឹងប្រែងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រី Sharan BURROW បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងកម្លាំងពលកម្មជំនាញ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបានបង្ហាញពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្កើតម៉ូឌែលបណ្ដុះបណ្ដាលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន BKI ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតីបានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទីមួយ ដែលក្នុងនោះមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស គឺការវិនិយោគលើវិស័យសុខភាព, ការអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ, និងបង្កើតការងារសមរម្យ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព ត្រូវតែផ្សារភ្ជាប់ឱ្យជិតស្និទ្ធទៅនឹងការអនុវត្ត និងតម្រូវការជាក់ស្តែង របស់ទីផ្សារ។ ជាមួយគ្នានេះ, សម្តេចធិបតីបានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ជាមួយនឹងឆន្ទៈចង់ប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកលើកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើឧស្សាហកម្ម។ ជាក់ស្តែង, រាជរដ្ឋាភិបាលមានបំណងបញ្ជ្រាបខ្លួនចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តបន់ និង សកល លើផ្នែកគ្រឿងបន្លាស់ និងបរិក្ខាររថយន្ត ដែលជាការបោះជំហានដ៏សំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនតម្លៃបន្ថែមក្នុងស្រុក បន្ថែមលើការដំឡើង និងផ្គុំរថយន្តដែលមានស្រាប់។
មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីប្រធានក្រុមប្រឹក្សាភិបាល និងសហការី បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីបន្តបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញកម្ពុជា ឱ្យកាន់តែឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងប្រែក្លាយផែនការសហប្រតិបត្តិការនានា ឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន