ព័ត៌មាន
កម្ពុជាជំរុញការតភ្ជាប់ផ្លូវអាកាសជាមួយកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល ដើម្បីលើកកម្ពស់វិស័យទេសចរណ៍
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងការតភ្ជាប់ផ្លូវអាកាស ជាមួយសាធារណរដ្ឋកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីសប្តាហ៍មុន។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចខិតខំរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាហ្សាក់ស្ថាន តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការស្នើបើកជើងហោះហើរត្រង់ឡើងវិញ។
ឯកឧត្តម បានបន្តថា ក្នុងដំណើរទស្សនកិច្ចអមសម្តេចធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន SCAT Airlines ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ និងទៀងទាត់មកកាន់កម្ពុជា។ កន្លងមក ក្រុមហ៊ុននេះធ្លាប់ដំណើរការជើងហោះហើរឆាតធ័រ (Charter) លើខ្សែអាស្តាណា-ព្រះសីហនុ និងអាល់ម៉ាទី-ព្រះសីហនុ ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងសហការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាស ទាក់ទាញភ្ញៀវទេសចរពីតំបន់អាស៊ីកណ្តាល និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។
ឯកឧត្តម មានប្រសាសន៍ថា៖ « ការបើកជើងហោះហើរត្រង់ឡើងវិញ អាចកាត់បន្ថយពេលវេលាធ្វើដំណើរ បង្កើនភាពងាយស្រួល និងពង្រីកលទ្ធភាពទាក់ទាញភ្ញៀវទេសចរពីកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល។ ការតភ្ជាប់នេះក៏អាចជំរុញការប្រើប្រាស់សេវាអាកាសចរណ៍, សណ្ឋាគារ, និងអាជីវកម្មទេសចរណ៍ បង្កើតឱកាសការងារ និងគាំទ្រការធ្វើពិពិធកម្ម។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រៀមសហការសម្របសម្រួលលក្ខខណ្ឌបទប្បញ្ញត្តិ បច្ចេកទេស, សុវត្ថិភាព, សន្តិសុខ, និងការអនុញ្ញាតប្រតិបត្តិការ។ ការឈានពីជើងហោះហើរឆាតធ័រទៅជាសេវាទៀងទាត់ ត្រូវផ្អែកលើតម្រូវការទីផ្សារ ការសម្រេចចិត្តរបស់ប្រតិបត្តិករ និងការអនុម័តតាមច្បាប់ជាធរមាន»។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ និងត្រៀមសហការជាមួយអាជ្ញាធរអាកាសចរណ៍បរទេស ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីសិក្សាឱកាស តភ្ជាប់បន្ថែម។ ក្រៅពីកាហ្សាក់ស្ថាន ទីផ្សារដែលអាចស្វែងរកឱកាសរួមមាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងតួកម៉េនីស្ថាន តាមរយៈជើងហោះហើរតភ្ជាប់ និងជើងហោះហើរត្រង់នៅពេលមានលទ្ធភាពពាណិជ្ជកម្ម។ គោលដៅគឺពង្រីកទីផ្សារភ្ញៀវទេសចរ និងលើកកម្ពស់ការតភ្ជាប់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព៕អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា