ព័ត៌មាន
មន្ត្រីជាន់ខ្ពស់កម្ពុជាជម្រាបជូននាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ីថា «ជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់»
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា ជម្រាបជូននាយកអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ីថា ជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបានទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងប្រទេសថៃក៏ដោយ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចជំនួបរវាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នៅសាលប្រជុំ គ.ស.ម.ក.។ កិច្ចជំនួបនេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និង AHRLA។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Phil Robertson និង បានបញ្ជាក់ថា ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាបានថែរក្សា បានបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍជាតិ និងការលើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងនោះ កម្ពុជាបាន បន្តលើកកម្ពស់សិទ្ធិការងារ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា និងបានផ្តល់ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ៤៩ម៉ឺននាក់ ព្រមទាំងទណ្ឌិត ចំនួន ៨,១៤៩នាក់។ ទន្ទឹមនឹងនេះ ការគ្របដណ្តប់សេវាគាំពារសុខភាពបានកើនពីប្រមាណ ៤.៧លាននាក់ ក្នុងឆ្នាំ២០២៣ ដល់ ៨.៥លាននាក់ ក្នុងឆ្នាំ២០២៦ ខណៈអត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៦.៧% ក្នុង ឆ្នាំ២០១៤ មកប្រមាណ ១៦.៦%-១៧.៨% និងមានគោលដៅកាត់បន្ថយមក ៦% នៅឆ្នាំ២០៣០ ហើយអាយុសង្ឃឹមរស់ជាមធ្យមបានកើនពីប្រមាណ៥០ឆ្នាំ ក្នុងឆ្នាំ២០០០ ដល់៧១ឆ្នាំ ក្នុងឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃការអភិវឌ្ឍសង្គម និងការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអរគុណលោក Phil Robertson សម្រាប់ ការអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា ដែលត្រូវបានឃុំខ្លួនដោយយោធាថៃនាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្ន ជនភៀសសឹក កម្ពុជាចំនួនជាង ២០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន។ ការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។ ទន្ទឹមនឹងនេះ លោក Phil Robertson បានសម្តែងការសោកស្តាយចំពោះករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិ មនុស្សក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកមានជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍ របស់លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំពោះបញ្ហា ជនភៀសសឹកកម្ពុជា។
បន្ថែមពីនេះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍ កម្ពុជាដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ ការគំរាមកំហែងនិងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ និងករណីនៃការចាប់រំលោភពីសំណាក់យោធាថៃ មកលើពលការិនីខ្មែរចំណាកស្រុកម្នាក់នៅពេលធ្វើដំណើរ ត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះដែរ លោក Phil Robertson ក៏បានតាមដាន និងបានទទួលព័ត៌មានពាក់ព័ន្ធនឹងការរើសអើងពលករទេស្តប្រវេសន៍កម្ពុជាដែលធ្វើការនៅប្រទេសថៃ និង ករណីនៃការចាប់រំលោភពលការិនីខ្មែរចំណាកស្រុកពីសំណាក់យោធាថៃផងដែរ។
លោក Phil Robertson បានថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាត ឱ្យមានជំនួបនៅថ្ងៃនេះ និងបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ជាច្រើនទាំងស្ថានភាពសិទ្ធិមនុស្សជាក់ ស្តែងក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់ក្នុងការបង្កើតស្ថាប័នសិទ្ធិ មនុស្សជាតិ និងបានផ្តល់មតិយោបល់ល្អៗ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស កម្ពុជាឱ្យកាន់តែល្អប្រសើរ រួមទាំងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់វឌ្ឍនភាពចំពោះការលើកកម្ពស់និង ការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ជាក់ស្តែង ប្រទេសកម្ពុជាបានសម្រេចជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលបានឆ្លុះបញ្ចាំងពីការលើកស្ទួយ ក៏ដូចជាការគ្មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕









-
ព័ត៌មាន20 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន