Connect with us

ព័ត៌មាន

ក្រុមប្រឹក្សាស្តង់ដារជាតិជំរុញអនុម័តស្តង់ដារថ្មីៗឆ្លើយតបតម្រូវការ និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា

ក្រុមប្រឹក្សាស្តង់ដារជាតិ នឹងជំរុញអនុម័តស្តង់ដារថ្មីៗឱ្យបានកាន់តែច្រើន ជាពិ​សេស​ស្តង់​ដារ​ដែល​ឆ្លើយ​តប​តម្រូវ​ការទីផ្សារបច្ចុប្បន្ន គាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យឧស្សាហកម្ម និង​សហ​គ្រាស​ក្នុង​ស្រុក ​ក្នុងការបង្កើនប្រសិទ្ធភាពផលិតកម្ម ដើម្បីធានាដល់ការប្រកួតប្រជែង។

ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីការងារអភិវឌ្ឍន៍ស្តង់ដារ នេះថា ស្តង់ដារបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបញ្ជាក់ភា អនុ​លោម​របស់​ផលិតផល និងសេវាកម្ម និងការសម្របសម្រួលដល់ការធ្វើ ពាណិជ្ជកម្ម ការផ្តល់​ភាព​ជឿ​ជាក់​ដល់​អ្នក​ប្រើប្រាស់ និងសុវត្ថិភាពរបស់ផលិតផល ដែលត្រូវអនុវត្តន៍តាមកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ​ឬកិច្ចព្រមព្រៀងផ្សេងៗជាដើម។

ឯកឧត្តម លើកឡើងឱ្យដឹងថា គិតមកដល់ពេលនេះស្តង់ដារអន្តរជាតិមានដូចជា ស្តង់ដារ ISO មាន​ចំនួន​ជាង ២ម៉ឺន និងស្តង់ដារ ISC ផ្នែកឧបករណ៍អេឡិចត្រូនិចមានចំនួនជាង ១ ម៉ឺន​ស្តង់ដារ​ផង​ដែរ ដែលស្តង់ដារទាំងនេះបានឯកភាពជាង ១៦០ ប្រទេសរួចហើយ។ បញ្ហា​ទាំង​នេះ​កម្ពុជា​ក៏​បាន​ជ្រើស​រើស​មក​ធ្វើ​ជាស្តង់ដារជាតិ គិតមកដល់ពេលនេះ ក្រុមប្រឹក្សាស្តង់ដារ​ជាតិ​ទើប​អនុម័ត​បាន​ជាង ១ ៣០០ ស្តង់ដារប៉ុណ្ណោះ និងបានកំពុងអនុវត្តន៍ជាបន្តបន្ទាប់ ជាពិសេស​ការ​ជ្រើស​រើស​យក​ស្តង់​ដារ​ដែល​អាទិភាព ដើម្បីឆ្លើយតបទៅនិងតម្រូវការឧស្សាហកម្ម និង​សហ​គ្រាស​ក្នុង​ស្រុក​។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្តង់ដារជាតិ បានលើកទឹកចិត្តដល់វិទ្យាស្ថានស្តង់ដារកម្ពុជា ជំរុញអនុម័ត​ស្តង់ដារ​ឱ្យ​បាន​ច្រើន ជាពិសេសការជ្រើសរើសស្តង់ដារអន្តរជាតិមកអនុម័តជាស្តង់ដារជាតិ ដើម្បី​បម្រើ​សេចក្តី​ត្រូវការរបស់កម្ពុជា ព្រោះស្តង់ដារគឺជាគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍផលិតផល សេវា​កម្ម និងឧបករណ៍អេឡិចត្រូនិចជាដើម។

ឯកឧត្តមប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ លើកឡើងថា ជុំវិញបញ្ហាស្តង់ដារនេះ គឺមាន​គណៈ​កម្មការ​បច្ចេកទេសជាង ៨០០ បច្ចុប្បន្នកម្ពុជាមានការខ្វះខាតធនធានមនុស្សជាច្រើន ក្នុង​ការ​ពិភាក្សា និងវាយតម្លៃលើស្តង់ដារទាំងនោះ។ បញ្ហានេះ ឯកឧត្តម​ក៏បាន​អំពាវ​នាវ​ដល់​វិស័យ​ឯកជន​ដូច​ជាអ្នកឯកទេស សាស្រ្តសាចារ្យ និងអ្នកជំនាញផ្សេងៗទៀត សូមចូលរួមដោយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​តំណាងជាតិ នៅក្នុងគណៈកម្មការផ្សេងៗ ដើម្បីឱ្យក្រុមប្រឹក្សាស្តង់ដារជាតិ មាន​លទ្ធ​ភាព​អនុម័តស្តង់ដារឱ្យបានកាន់តែច្រើន សម្រាប់ជាមូលដ្ឋានបង្កើន ផលិតភាពនៃផលិតកម្ម និង​ការប្រកួតប្រជែងរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia