ព័ត៌មាន
ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ការប្ដេជ្ញាចិត្តរបស់កម្ពុជាបន្តពង្រឹងភាពជាដៃគូជាមួយUN ដោយយកសន្តិភាពជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាកម្លាំង និងការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅរួម
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ ដោយយកសន្តិភាពជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាកម្លាំង និងការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅរួម ដើម្បីឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ បរិយាបន្ន និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរ ទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal នាទីក្រុងភ្នំពេញ។
នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូដ៏យូរអង្វែង និងការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងការចូលរួមកសាងសន្តិភាព ការស្តារនិងកសាងកម្ពុជាឡើងវិញ ព្រមទាំងការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ មក និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌ ជំរុញសកម្មភាពអាកាសធាតុ និងការចាកចេញដោយរលូន និងប្រកបដោយចីរភាពរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ ដោយយកសន្តិភាពជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាកម្លាំង និងការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅរួម ដើម្បីឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ បរិយាបន្ន និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

ជាមួយគ្នានេះនៅក្នុងសុន្ទរកថារបស់លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកល។
លោកជំទាវក៏បានលើកឡើងពីភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងស្ថាប័ន ការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋាន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃលទ្ធផលជាក់ស្ដែង និងពុំទុកនរណាម្នាក់ចោល។
លោកជំទាវបានគូសបញ្ជាក់ដោយរំឮកដល់ព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ «ខ្មែររួបរួម ខ្មែរខ្លាំង» ហើយលោកជំទាវចង់ឱ្យពាក្យស្លោកនេះត្រូវបានលើកយកមកអនុវត្តនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដោយបង្កើតជាពាក្យស្លោកថា «ប្រជាជាតិរួបរួម ប្រជាជាតិរឹងមាំ»៕

-
ព័ត៌មាន22 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន