Connect with us

ព័ត៌មាន

ឆ្នាំ២០២៦រាជធានីភ្នំពេញ ទទួលសំណើវិនិយោគវិស័យសំណង់ ៧៦០គម្រោង មានទុនជិត២ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៦ (ចាប់ពីខែតុលា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៦) រាជធានីភ្នំពេញ បានទទួលការស្នើសុំលិខិតអនុញ្ញាតសាងសង់សរុបចំនួន ៧៦០គម្រោង ដែលមានផ្ទៃក្រឡាសំណង់ស្មើនឹងជាង ៤,២លានម៉ែត្រក្រឡា គិតជាទុនវិនិយោគប្រមាណជា ១,៨លានដុល្លារអាមេរិក ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ។ នេះបើតាម របាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារ ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦

តាមរបាយការណ៍ សំណើវិនិយោគវិស័យសំណង់ ៧៦០គម្រោងមានទុនជិត២ពាន់លានដុល្លារនេះក្នុងនោះសំណង់ជាសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌទាំង១៤ មានចំនួន ៤០០គម្រោង, ក្នុងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន២១៣គម្រោង, និងសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួន ១៤៧គម្រោង។

នៅឆ្នាំ២០២៦នេះដែរ ការស្នើសុំលិខិតបើកការដ្ឋាន ក្នុងសមត្ថកិច្ចរាជធានីភ្នំពេញ មានចំនួន ១៥៦គម្រោង និងលិខិតបើកការដ្ឋានសមត្ថកិច្ចខណ្ឌទាំង១៤ មានចំនួន ១៩៣គម្រោង ។ ទន្ទឹមនេះ ក៏មានការដ្ឋានសំណង់មួយចំនួនសាងសង់ ដោយគ្មានលិខិតអនុញ្ញាត និងបានចេញលិខិតទប់ស្កាត់ចំនួនបាន ៨៨គម្រោង ។

គម្រោងអគារខ្ពស់ៗ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៦ រាជធានីភ្នំពេញ មានអគារខ្ពស់ចាប់ពី៥ជាន់ ទៅ៩ជាន់ មានចំនួន ១២៤៥គម្រោង, អគារខ្ពស់ចាប់ពី ១០ជាន់ ទៅ១៩ជាន់ មានចំនួន ៥៣១គម្រោង, អគារខ្ពស់ចាប់ពី ២០ជាន់ ទៅ២៩ជាន់ មានចំនួន ១៥៩គម្រោង, អគារខ្ពស់ចាប់ពី ៣០ជាន់ ទៅ៣៩ជាន់ មានចំនួន ៨០គម្រោង និងអគារខ្ពស់ចាប់ពី ៤០ឡើងទៅ មានចំនួន ៥៨គម្រោង ដែលសរុបទាំងអស់ចំនួន ២ ០៧៣គម្រោង ខណៈក្នុងរយៈពេលនេះ រាជធានីភ្នំពេញ មានបុរីចំនួន ៥០៧គម្រោង ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារ ឆ្នាំ២០២៧នេះដែរ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៣ រហូដល់បច្ចុប្បន្ន មន្ទីរបានប្រមូលទិន្នក្បាលដីបានចំនួន៤៨៦ ៩៨៦ក្បាលដី, គូសវាស់វែងរួចបានចំនួន ៤៨៦ ៩៨៦ក្បាលដី និងចែកបណ្ណកម្មសិទ្ធិបានចំនួន ៣៥៦ ៤៦៨ក្បាលដី ។ ដោយឡែកនៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នន័យក្បាលដីបានចំនួន ១៧ ១៣៥បណ្ណ, ការចុះហត្ថលេខារួចបានចំនួន៣៦ ៩១៦បណ្ណ និងចែកបណ្ណកម្មសិទ្ធិបានចំនួន ៣៩ ៤៦១បណ្ណ។

ក្នុងពិធីបើកសន្និបាត លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលទទួលបាននៅឆ្នាំ២០២៦ របស់មន្ទីរសុរិយោដីរាជធានីភ្នំពេញ ។ ទន្ទឹមការទទួលបានលទ្ធផលល្អនេះ លោកអភិបាលរងរាជធានី ក៏បានជំរុញការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលឲ្យកាន់តែល្អប្រសើរ, អនុវត្តផែនការចុះបញ្ជីដីឲ្យបានចប់ ១០០ភាគរយ, ការសហការរៀបចំព្រំប្រទល់រដ្ឋបាលភូមិ-សង្កាត់, ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លី និងដោះស្រាយបញ្ហាបុរីក្ស័យធន ។

ជាមួយនេះ លោក ឃ្លាំង ហួត ស្នើដល់រដ្ឋបាល ខណ្ឌ សង្កាត់ បញ្ឈប់ការពិនិត្យ និងបញ្ជាក់លើឯកសារផ្ទេរកម្មសិទ្ធិ កាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីណា ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំង មាននិយាមច្បាស់លាស់ បញ្ជាក់ទទួលស្គាល់ ដោយរដ្ឋបាលសុរិយោដី ដើម្បីរួមចំណែកទប់ស្កាត់ការកើតមានវិវាទដីធ្លីបន្ថែម និងជំរុញដល់មន្ទីរនាញ ពង្រឹងការគ្រប់គ្រងវិស័យសំណង់ ឲ្យបានម៉ឺងម៉ាត់៕ អត្ថបទ បាន សុខរិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia