Connect with us

ព័ត៌មាន

ពលរដ្ឋបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោត ដើម្បី​ប្រើ​សិទ្ធិ​សម្រេច​វាសនា​ជាតិ

ប្រជាពលរដ្ឋខ្មែរ បានបន្តនាំគ្នាទៅចុះឈ្មោះ និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោត ដើម្បី​ប្រើសិ​ទ្ធិ​សម្រេច​វាសនាជាតិ។ ការធ្វើជីវមាត្រ គឺជាការធ្វើបច្ចុប្បន្ន​ភាព​ទន្និន័យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​របស់​ពលរដ្ឋ​គ្រប់រូប ដើម្បីចូលរួមបោះឆ្នោតនៅឆ្នាំ២០២៧ ដោយពុំរាប់បញ្ចូល​អ្នក​គ្រប់​អាយុ​ទើប​ចុះ​ឈ្មោះ។

ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នាមណ្ឌលចុះឈ្មោះបោះឆ្នោត សាលាសង្កាត់វាលវង់ នៃ​រដ្ឋបាល​ខណ្ឌ​៧មករា ក្រុមការងារមន្ត្រី នៃគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បាន​បន្ត​យក​ចិត្តទុកដាក់ជាមួយការបម្រើនីតិវិធី និងផ្តល់ការធ្វើបច្ចុប្បន្នភាព ជូនពលរដ្ឋ​ដែល​មាន​ឈ្មោះ​ស្រាប់​ក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការចុះឈ្មោះថ្មី​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ ​ដើម្បីត្រៀមខ្លួន សម្រាប់ការចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ខាងមុខ។

លោក ​សេង ជី ចៅសង្កាត់វាលវង់ បញ្ជាក់ថាជូនថា ៖ ការធ្វើជីវមាត្រ គឺជារឿងចាំបាច់ ដែល​ពលរដ្ឋ​មាន​ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ ពោលមានរយៈពេល ១០​ឆ្នាំ​កន្លង​ទៅ​ហើយ​ ឬក៏អ្នកដែលទើបផ្លាស់ប្តូរសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវ​នាំ​គ្នា​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើងវិញ ដើម្បីថតរូបភាពថ្មី និងស្គេនក្រយ៉ៅដៃឡើងវិញជាថ្មី ព្រោះរយៈពេល១០ឆ្នាំ ពលរដ្ឋ​គ្រប់រូបអាចនឹងមានការប្រែប្រួលមុខមាត់ ពណ៌សម្បុរ រូបរាង រួមទាំងក្រយ៉ៅដៃជាដើម។

ពលរដ្ឋទាំងអ្នកគ្រប់អាយុ និងអ្នកត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះថ្មី សម្តែងក្តីពេញចិត្ត និង ថ្លែង​អំណរ​គុណ ក្រុមមន្ត្រីដែលបានយកចិត្តទុកដាក់ បំពេញនីតិវិធីជូនពួកគាត់ បានលឿនរហ័ស ពុំ​ចំណាយពេលវេលាច្រើន សម្រាប់ការចុះឈ្មោះថ្មី និងការធ្វើជីវមាត្រជាដើម ។

គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យបញ្ជីឈ្មោះបោះឆ្នោត ( ជីវមាត្រ ) គឺត​ម្រូវ​ឲ្យមា​ន​ការ​ថត​រូប ​និងផ្តិតមេដៃ ចំពោះពលរដ្ឋទាំងឡាយណាដែលបានចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៦ និង​ឆ្នាំ​២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតពីមុនមក ដោយ​គ្រាន់តែភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណតែមួយសន្លឹកប៉ុណ្ណោះ។ ដោយឡែក សម្រាប់​អ្នក​ទើប​គ្រប់​អាយុ១៨ឆ្នាំ ហើយត្រូវចុះឈ្មោះថ្មី គឺតម្រូវឲ្យភ្ជាប់ឯកសារគោល រួមមាន ៖ អត្ត​សញ្ញាណ​បណ្ណ , សំបុត្របញ្ជាក់កំណើត , សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ៕ អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia