Connect with us

ព័ត៌មាន

អ្នកនយោបាយ៖ កិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ជា​មរតក​ប្រវត្តិសាស្រ្ត​ដ៏​មាន​តម្លៃ​សម្រាប់​ពលរដ្ឋខ្មែរ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ គឺជាខួប៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១- ២៣ តុលា ឆ្នាំ២០២៦។ បណ្តាអ្នកនយោបាយយល់ឃើញថា កិច្ច​ព្រម​ព្រៀង​សន្តិភាពនេះ ជាមរតកប្រវត្តិសាស្រ្តដ៏មានតម្លៃសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេស​អ្នក​នយោបាយជំនាន់ក្រោយត្រូវយកគំរូតាម។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានយលើកឡើងថា កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាស្នាព្រះហស្ដរបស់ព្រះបរមរតនកោដ្ឋ និង​ជា​ស្នាដៃ​ដ៏​ធំធេង​របស់ស្ថាបនិកបិតាសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូបចងចាំជានិច្ច ជាពិសេសអ្នកនយោបាយជំនាន់ក្រោយត្រូវយកគំរូតាម ដោយត្រូវ​រក្សា​សាមគ្គី​ភាព​ផ្ទៃ​ក្នុងប្រទេសឲ្យបានរឹងមាំ។

លោកជំទាវ បានរិះគន់ដល់​ក្រុម​ជ្រុលនិយម​មួយ​ចំនួ​ន​នៅ​បរទេស​ដែល​តាំង​ខ្លួន​ស្រលាញ់​ប្រទេស​ជាតិ ​តែទង្វើបង្ហាញពីការញុះញង់ប្រជាពលរដ្ឋខ្មែរឲ្យបែកបាក់សាមគ្គីភាព ដើម្បី​បម្រើ​ផល​ប្រយោជន៍​បក្ស​ពួកខ្លួន។ ក្នុងន័យនេះ លោកជំទាវបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅ​ប្រទេស​ មិនត្រូវជឿការបោកបញ្ឆោតរបស់ក្រុមជ្រុលនិយមទាំងនោះ។

លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានលើកឡើងដែរថា កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជា ក្នុងការចាប់​ផ្តើម​បង្រួប​បង្រួមខ្មែ​រតែមួយ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុង។

គួររម្លឹកដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀង​ស្តីពី​ដំណោះ​ស្រាយ​នយោបាយរួមមួយ នៃជម្លោះផ្ទៃក្នុងប្រទេសកម្ពុជា រវាងភាគីខ្មែរចំនួន​៤​យល់​ព្រម​ចុះ​ហត្ថ​លេខាលើកិច្ចព្រមព្រៀងនេះ ដែលក្នុងនោះរួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ,រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia