Connect with us

ព័ត៌មាន

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៤៤លានដុល្លារក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX) បានរកចំណូលបានជាង៤៤ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៦ កើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺជាកំពង់ផែទន្លេអន្តរជាតិតែមួយគត់នៅកម្ពុជា ដែលមានមុខងារជាអាជ្ញាធរកំពង់ផែ ប្រតិបត្តិករផែ និងភស្តុភារកម្ម។ ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ផែស្វយ័ត្នភ្នំពេញ រកចំណូលបានចំនួន ៤៤.៨០លានដុល្លារអាម៉េរិក (៤៤ ៨០០ ០៥៣) កើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួនជាង ៣៧,១០លានដុល្លារអាម៉េរិក។របាយការណ៍ពុំទាន់ធ្វើសវនកម្ម ក.ស.ភ. ផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជា។

របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្នុងនោះ ចំណូលពីប្រតិបត្តិការផែ (Port Operation) រកចំណូលបានចំនួនជាង ៣៨,២០លានដុល្លារអាម៉េរិក កើនឡើង ២៣ភាគរយ បើធៀបនឹងរយៈបេលដូចគ្នាកាលពីឆ្នាំទៅ។ ចំណែក ប្រាក់ចំណូលពីអាជ្ញាធរផែ( Port Authority) រកចំណូលបានចំនួនជាង ៥,៨៥លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ ខណៈចំណូលពីសេវាកម្មផ្សេងៗ (Other Services) រកចំណូលបានចំនួនជាង ៧សែន ៤ម៉ឺនដុល្លារអាម៉េរិក ថយចុះ ២៦ ភាគរយៈ បើធៀបនឹងរយៈបេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បន្តថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ចំនួនជាង ៤.៣៩លានតោន និងមាននាវាចូលចតសរុបចំនួន ២ ៩៣០គ្រឿង។ ទន្ទឹមនឹងនេះ ក.ស.ភ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនជាង ៥សែន ៤ម៉ឺន ៦ពាន់ ធីអ៊ីយូ និង បរិមាណនាវាដឹកអ្នកដំណើរសរុបចំនួន ២៩២គ្រឿង ជាមួយអ្នកដំណើរសរុបចំនួន ២ម៉ឺន ៨ពាន់នាក់។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបាន ៥០.៣១ លានដុល្លារអាម៉េរិក កើនឡើង ២១ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ចំណែក បរិមាណទំនិញឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ៥.៦០លានតោន និងមានកុងតឺន័រឆ្លងកាត់ជាង ៦០ម៉ឺនធីអ៊ីយូ ព្រមទាំង មាននាវាចូលចតចំនួន ៣ ៣៣៣ គ្រឿង៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia