ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ កុំរកការងារតាមការ “ខ្សឹបតៗគ្នា” សូមរកការងារស្របច្បាប់មានសុវត្ថិភាពសម្រាប់ខ្លួនឯង និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ
ក្រចេះ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកចំនួន ២ ៨០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកទី២៣ ខែតុលា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលមានអ្នកចូលរួមជាង ៥០០នាក់ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ខិតខំភ្ជាប់បងប្អូនទៅនឹងឱកាសការងារ។ ជាក់ស្តែង វេទិកានេះបាននាំយកឱកាសការងារក្នុងស្រុកជិត ៣ពាន់ន្លែងទៅផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីចុះឈ្មោះ សម្ភាស ទទួលបានការងារភ្លាមៗ។ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋស្វែងរកការងារស្របច្បាប់ តាមរយៈក្រសួងដែលផ្តល់ទាំងសុវត្ថិភាព ប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងសង្គម ប៉ុន្តែត្រូវចៀសវាងការងារតាមរយៈ “ការខ្សឹបតគ្នា” ពីមេខ្យស់។
ឯកឧត្តមបានប្រៀបធៀបយ៉ាងក្បោះក្បាយពីការងារចំណាកស្រុកខុសច្បាប់នៅថៃ និងការងារក្នុងស្រុក។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។
ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងដោយស្របច្បាប់ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។ ទន្ទឹមនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសម៉ោងសិក្សាបត់បែន ដូចជា៖ ផ្នែកសំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។
ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត។ បើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី រោងចក្រ លានហ្វា ហេងយូ (ខេមបូឌា) ហ្គាម៉ិន, រោងចក្រ ប៉ូលស្តារ (ខេមបូឌា) ហ្គាម៉ិន ឯ.ក, រោងចក្រ តៃអ៊ីហ្ស៊ី អិនធើណេហ្សិនណល ខូអិលធីឌី និងរោងចក្រ មីនេបៀ (ខេមបូឌា) ព្រមទាំងក្រុមហ៊ុន មង្គល អេចអ ដែលជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅប្រទេសជប៉ុន៕










-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន